ដោយ÷ វីរះ យុទ្ធ
ភ្នំពេញ÷ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជាប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មអន្តរជាតិរវាងកម្ពុជានិងអូស្រ្តាលី និងជាពិសេសការបន្តជួយគំាទ្ររបស់អូស្រ្តាលីក្នុងការអភិវឌ្ឍពាណិជ្ជកម្មកម្ពុជា ក្នុងបរិបទទ្វេភាគី តំបន់ និងពហុភាគី។
ការប្តេជ្ញានេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃទី១៨ ខែឧសភានេះ ដោយភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការវិវត្តនានាក្នុងបរិបទពាណិជ្ជកម្មពហុភាគីក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាពិសេសការត្រៀមចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១២ នាពេលខាងមុខ។
ជាមួយគ្នានេះដែរ ក្នុងក្របខ័ណ្ឌតំបន់ ទាំងកម្ពុជានិង អូស្ត្រាលីនឹងចាប់ផ្តើមដាច់ចេញនូវគំនិតផ្តួចផ្តើមជំរុញ ការប្រើប្រាស់ឯកសារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ (AANZFTA) ដើម្បីសម្រួលឱ្យការធ្វើពាណិជ្ជកម្មជាមួយអូស្ត្រាលី ឱ្យកាន់តែមានភាពងាយស្រួល និងកាត់បន្ថយការចំណាយ សំដៅលើកកម្ពស់ភាពធន់នៃខ្សែច្រវាក់ពាណិជ្ជកម្ម និងជំរុញកំណើនពាណិជ្ជកម្មក្នុងតំបន់ ជាពិសេសក្នុងបរិការណ៍នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ និងក្រោយវិបត្តិនេះ ។
ដោយទ្បែក្នុងក្របខ័ណ្ឌទ្វេភាគី ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរយោបល់ និងពិភាក្សាលើការបន្តអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មក្រោមជំនួយរបស់អូសា្រលី រួមមាន ការពង្រឹងនិងការកសាងសមត្ថភាពមន្រ្តីពាណិជ្ជកម្ម ការអភិវឌ្ឍនិងកសាងបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ការបន្តអនុវត្តកម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) និងការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ជាដើម។
លោករដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណចំពោះភាគីអូស្រ្តាលីដែលបានបន្តគាំទ្រ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា និងវិស័យពាក់ព័ន្ធនានា។ ភាគីទាំងពីរ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី លើកម្ពស់កិច្ចសហប្រតិ្តការលើវិស័យពាណិជ្ជកម្ម និងគ្រប់វិស័យពាក់ព័ន្ធ ជាពិសេសទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ៕