ភ្នំពេញៈកំពង់ផែស្វយ័តក្រុងព្រះសីហនុ(កសស) បានសម្រេចការកែសម្រួលរយៈពេលស្តុកកុងតឺន័រនាំចេញនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយគិតថ្លៃរហូតដល់រយៈពេល១សប្តាហ៍ដែលនឹងអនុវត្តនៅខែក្រោយនេះតទៅ។
សេចក្តីជូនដំណឹងរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា សេចក្តីសម្រេចនេះគឺយោងតាមស្មារតីអង្គប្រជុំរវាង កសស និងតំណាងក្រុមហ៊ុននាវា កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១ កន្លងមក។
សេចក្តីជូនដំណឹងចុះហត្ថខេលាដោយ លោក ថៃ ឫទ្ធី អគ្គនាយករង កសស បន្តថា ដើម្បីចូលរួមចំណែកក្នុងកិច្ចសម្របសម្រួលពាណិជ្ជកម្ម ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ក្នុងគោលដៅសម្រួលដល់ការធ្វើធុរៈកិច្ច និងការធ្វើពាណិជ្ជកម្មរបស់ធុរជន កំពង់ផែស្វយ័តក្រុងព្រះសីហនុ សូមធ្វើការកែសម្រួលរយៈពេលស្តុកកុងតឺន័រនាំចេញ ពីការអនុគ្រោះមិនគិតថ្លៃស្តុកក្នុងរយៈពេល ៥ថ្ងៃ មកអនុគ្រោះមិនគិតថ្លៃស្តុកក្នុងរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃដែលកុងតឺន័រចូលដល់ទីលានរហូតដល់ថ្ងៃ នាវាចេញដំណើរ។
ប៉ុន្តែប្រសិនបើហួសពីរយៈពេលកំណត់ខាងលើចាប់ពីថ្ងៃទី៨ គឺគិតថ្លៃស្តុកចំនួន ១ថ្ងៃ និងកំណើនជាលំដាប់តាម ចំនួនថ្ងៃស្តុក។ចំពោះរយៈពេលស្តុកកុងតឺន័រ កែសម្រួលថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២១ តទៅ។
របាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បង្ហាញថា ក្នុងឆ្នាំ ២០២០ បរិមាណកុងតឺន័រឆ្លងកាត់ កសស មានចំនួន ៦៤១ ៨៤២ TEUs កើន ០,៤១ បើធៀបនឹងឆ្នាំ ២០១៩ ដែលមានចំនួន ៦៣៩ ២១១ TEUs។
ទិន្នន័យ បានឱ្យដឹងទៀតថា ក្នុងឆ្នាំ ២០២០ កសស ទទួលបានប្រាក់ចំណូលសរុបចំនួន ៣១១ ៨១៣ ៧៦៩ ០០០ រៀល ធ្លាក់ចុះ ៦,៦២ ភាគរយ និងប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធចំនួន ២៦ ៦០៧ ៥៩៤៤ ០០០ រៀល ថយចុះ ៣៨,៧៨ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩៕