ភ្នំពេញ៖ ទំហំមូលធនូបនីយកម្មទីផ្សារសរុបនៃទីផ្សារមូលបត្រកម្មសិទ្ធិនៅចុងត្រីមាសទី១ ឆ្នាំ២០២១ មានតម្លៃប្រហែល២,៤០ពាន់លានដុល្លារ កើនឡើងជាង ៣ដង ខណៈដែលសន្ទស្សន៍ CSX មាន ៦៣៩,៣៦ពិន្ទុ កើនឡើង ៨ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ នេះបើយោងតាមព្រឹត្តិប័ត្រស្ថិតិជួញដូរមូលបត្រចុងក្រោយបំផុតរបស់និយ័តករមូលបត្រកម្ពុជា(SERC)។
យោងតាមព្រឹត្តិបត្រស្ថិតិនេះ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៥,៥៣៤,១៤៦ភាគហ៊ុន កើនឡើង ៥១ភាគរយធៀបនឹងត្រីមាសទី៤ ឆ្នាំ ២០២០ ខណៈដែលតម្លៃជួញដូរមូលបត្រសរុបមានតម្លៃប្រហែល ៨,៦១លានដុល្លារ កើនឡើង ១៥២ភាគរយធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២០ និងបានកើនឡើង ៧៩៣ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។
ព្រឹត្តិបត្រនេះបានបង្ហាញថា ទំហំការជួញដូរប្រចាំថ្ងៃជាមធ្យមមានចំនួន ៩០ ៧២៤ភាគរយ ខណៈដែលតម្លៃជួញដូរប្រចាំថ្ងៃជាមធ្យមមានចំនួនប្រហែល ១៤ ១១៨ ០០០ដុល្លារ ខណៈដែលការបញ្ជាទិញសរុបមានចំនួនប្រហែល ២០,៥៥លានភាគហ៊ុន និងការបញ្ជាការលក់សរុបមានចំនួនប្រហែល ១៨,០៨លានភាគហ៊ុន៕