ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានសម្តែងការព្រួយបារម្ភពីការធ្លាក់ចុះនៃចំនួនបញ្ជារទិញពីទីផ្សារប្រទេសលោកខាងលិច ដែលជាទីផ្សារនាំចេញសម្លៀកបំពាក់ដ៏សំខាន់របស់កម្ពុជា បន្ទាប់ពីរោងចក្រជាសមាជិករបស់សមាគមមួយចំនួន បានផ្តល់ដំណឹងពីការកាត់បន្ថយផ្នែកខ្លះនៃការបញ្ជាទិញពីខាងក្រៅ។
លោក Ken Loo អគ្គលេខាធិការ នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានសរសេរមកកាន់ភ្នំពេញប៉ុស្តិ៍ថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនាំចេញសម្រាប់ឆមាសទី ២ ឆ្នាំ២០២២នេះ ដោយសារតែស្ថានភាពសកលលោកមានភាពមិនស្ថិតស្ថេរ និងលទ្ធភាពនៃការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលភាគច្រើននៅក្នុងប្រទេសលោកខាងលិច ដែលជាទីផ្សារនាំចេញសម្លៀកបំពាក់ដ៏សំខាន់របស់កម្ពុជា។
លោកបាននិយាយថា សមាជិករបស់ GMAC ជាច្រើនបានជូនដំណឹងដល់ GMAC អំពីការបញ្ជារទិញរបស់ម្ចាស់ទំនិញត្រូវបានកាត់បន្ថយ ឬកែសម្រួលឡើងវិញ និងសមាជិកមួយចំនួនបានស្វែងរកការប្រឹក្សាផ្នែកច្បាប់ពីក្រុមច្បាប់ GMAC អំពីនីតិវិធីសម្រាប់ការផ្អាកផលិតកម្មមួយផ្នែកតាមដែលអាចធ្វើទៅបាន។
លោកបានបញ្ជាក់ថា៖«បច្ចុប្បន្ននេះ GMAC កំពុងធ្វើការស្ទង់មតិយ៉ាងទូលំទូលាយក្នុងចំណោមសមាជិកទាំងអស់ ដើម្បីវិភាគស្ថានភាពតាមលំដាប់លំដោយកាន់តែត្រឹមត្រូវ។ ការកើនឡើងថ្លៃដើមទ្វេដង នឹងធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំង ដោយនេះមិនទាន់និយាយអំពីបញ្ហាផ្សេងទៀតដូចជា ថ្លៃដឹកជញ្ជូនខ្ពស់ និងថ្លៃដើមនៃការអនុលោមតាមច្បាប់ខ្ពស់ ដែលកំពុងតែកើនឡើងជារៀងរាល់ឆ្នាំ ដោយសារតម្រូវការរបស់អ្នកទិញ»។
លោក Ken Loo បានព្រមានថា តាមស្ថិតិ ប្រាក់ចំណេញក្នុងវិស័យនេះកំពុងដំណើរការទាបណាស់ បើធៀបនឹងសមាមាត្រនៃតម្លៃបន្ថែមធៀបនឹងប្រាក់ឈ្នួល បូកនឹងថ្លៃដើមទាក់ទងនឹងការងារផ្សេងទៀត។ ដូច្នេះ មិនជាល្អ ទាំងស្រុងចំពោះតម្លៃនាំចេញ និងអត្រាកំណើននោះទេ ព្រោះតម្លៃនាំចេញគឺជាការលក់ជាមូលដ្ឋាន។
អគ្គលេខាធិការ នៃ GMACរូបនេះ បានលើកឡើងទៀតថា កម្ពុជាត្រូវមានភាពសកម្ម និងប្រុងប្រយ័ត្នចំពោះអ្វីដែលនឹងអាចដាក់សម្ពាធលើក្រុមហ៊ុនកាន់តែច្រើន។ម្យ៉ាងវិញទៀត យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ស្បែកជើង និងកាបូប ត្រូវបានដាក់ឱ្យអនុវត្តកាលពីខែមីនា ឆ្នាំ២០២២ ត្រូវតែអនុវត្តអនុវត្តឱ្យបានលឿនរហ័ស ដើម្បីជួយទប់ទល់នឹងការធ្លាក់ចុះនាពេលខាងមុខ ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ការនាំចេញផលិតផលសំលៀកបំពាក់ ស្បែកជើងនិងផលិតផលអ្នកដំណើរបានកើនឡើងប្រមាណ៤០ភាគរយនៅឆមាសទី១ឆ្នាំ២០២២ សម្រេចបានទឹកប្រាក់ប្រមាណ ៦,៦ ពាន់លានដុល្លារកើនពី៤,៧២ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕