ភ្នំពេញ៖ ថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល សម្រាប់ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំជ្រើសរើសមន្ត្រីរាជការស៊ីវិលនៃក្រសួងសាធារណការ និងដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តមអនុប្រធានគណៈកម្មការ និងថ្នាក់ដឹកនាំពាក់ព័ន្ធ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រៀមលក្ខណៈដើម្បីរៀបចំការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល សម្រាប់ឆ្នាំ២០២៣ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយការប្រឡងត្រូវមានតម្លាភាព និងសុក្រឹត្យភាព ដើម្បីធានាបានការជ្រើសរើសមន្រ្តីរាជការប្រកបដោយគុណភាព និងសមត្ថភាព។
កិច្ចប្រជុំនេះបានពិភាក្សាលើការបែងចែកចំនួនមន្រ្តីរាជការដែលនឹងប្រឡងជ្រើសរើសតាមអង្គភាព និងស្ថាប័នក្រោមឱវាទក្រសួង ពិនិត្យលក្ខខណ្ឌនៃការជ្រើសរើសមន្រ្តីរាជការ រៀបចំឯកសារគតិយុត្តពាក់ព័ន្ធ បែងចែកភារកិច្ចដល់សមាជិកគណៈកម្មាធិការ និងកំណត់ពេលប្រឡងជ្រើសរើសមន្រ្តីរាជការឱ្យរួចរាល់នៅដើមត្រីមាសទី២ ឆ្នាំ២០២៣។
ដើម្បីជំរុញការប្រឡងជ្រើសរើសមន្រ្តីរាជការឱ្យបានឆាប់រហ័ស ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានណែនាំឱ្យយកចិត្តទុកដាក់ទៅលើនីតិវិធីក្នុងការរៀបចំធ្វើលិខិតជូនដំណឹងស្ដីពីការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលនៃក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៣ ឱ្យបានឆាប់រហ័សដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួង ពិនិត្យសម្រេចជាផ្លូវការ មុននឹងផ្សព្វផ្សាយដល់បេក្ខជនដែលមានបំណងប្រឡងចូលជាមន្រ្តីរាជការ៕