ភ្នំពេញៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអះអាថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងភាគីទាំងពីរ ដោយនឹងផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍឱ្យគ្នាទៅវិញទៅមក។
ការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ ធ្វើឡើងក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា ក្នុងអំឡុងពេលការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។
លោកថា នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមានវានឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនដល់ប្រទេសទាំង ២ ក្នុងនោះសម្រាប់ប្រទេសកម្ពុជា នឹងទទួលបានភាពវិជ្ជមានមួយចំនួនដូចជា ការទទួលបានទីផ្សារនាំចេញផលិតផលកម្ពុជាទៅប្រទេសកូរ៉េ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់ក្រុមហ៊ុនមកពីប្រទេសកូរ៉េ និងបរទេស ព្រមទាំងការបង្កើតការងារថ្មីៗជាដើម។
លោក សូរស័ក្តិ បានអះអាងថា៖«សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងភាគីទាំងពីរ ដែលនឹងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍ សុខុមាលភាពប្រជាជន និងការផ្សារភ្ជាប់ធុរកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត»។
បើយោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ការនាំទំនិញចេញ-ចូលរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង មានទឹកប្រាក់សរុប ៨៦៩,៧៣លានដុល្លារ កើនឡើង ៨,៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០៕