ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មដាក់ឪសានុវាទដល់រយះពេល៤ខែដល់សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់ដែលមិនទាន់ទទួល លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវដាក់ពាក្យស្នើសុំ ដើម្បីការពារអ្នកប្រើប្រាស់។
ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ បានជូនដំណឹងពីការពន្យាពេលនេះ ពីការដាក់ពាក្យស្នើសុំ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ រហូតដល់ថ្ងៃទី១ មីនា ឆ្នាំ២០២២ ដោយសារតែក្រសួងសង្កេតឃើញថា សហគ្រាស-ក្រុមហ៊ុនទាំងនោះ បាននិងកំពុង កំពុងរៀបចំឯកសារជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
បើតាមប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មអះអាងថា នៅក្នុងករណីដែលក្រសួងពន្យាពេលដល់ដើមខែមីនាឆ្នាំ២០២២ហើយ តែក្រុមហ៊ុន និងសហគ្រាសទាំងនោះនៅតែមិនព្រមដាក់ពាក្យស្នើសុំទៀតនោះក្រសួងនឹងចាត់វិធានការតាមច្បាប់ ដោយនឹងផ្អាកប្រតិបត្តិការអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច(ការលក់ដូរអនឡាញ) ហើយនឹងអាចពិន័យជាប្រាក់រហូតដល់១០លានរៀល សម្រាប់អាជីវកម្មតាមអនឡាញណា ដែលធ្វើសកម្មលក់ដូរតាមអនឡាញដោយគ្មានច្បាប់អនុញ្ញាតនេះ។
កាលពី០២ ខែវិច្ឆកា ឆ្នាំ២០១៩ ច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ មាន១១ជំពូក ៥១មាត្រា ត្រូវបានប្រកាសឲ្យប្រើប្រាស់ក្នុងគោលដៅកំណត់វិធាន និងយន្តការដើម្បីរួមចំណែកបង្កើតបរិយាកាសនៃការធ្វើពាណិជ្ជកម្ម និងផលប្រយោជន៍អ្នកប្រើប្រាស់ត្រូវបានការពារ ការធ្វើពាណិជ្ជកម្មមានការប្រកួតប្រជែងដោយសុចរិត និងអ្នកប្រើប្រាស់ក៏ដូចជាពាណិជ្ជករ ធ្វើសកម្មភាពជាមួយគ្នាដោយមានទំនុកចិត្ត៕