ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ លោក គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ចើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពី “ច្បាប់ស្តីពីការប្រឆាំងការផ្តល់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងកាតព្វកិច្ចអនុវត្តដីកាសម្រេចបង្កកទ្រព្យសម្បត្តិ” ជូនដល់សមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា សមាជិកសភាពាណិជ្ជកម្មកម្ពុជា សមាជិក EuroCham អ្នកតំណាងស្របច្បាប់ក្នុងការចុះបញ្ជីពាណិជ្ជកម្ម។ សិក្ខាសាលានេះមានការអញ្ចើញចូលរួមពី លោក អ៊ូច ចាន់ណូរ៉ា ប្រធានក្រុមប្រឹក្សានិតិកម្ម តំណាងក្រសួងមហាផ្ទៃ និងលោក ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការនិងព្រហ្មទណ្ឌ តំណាងក្រសួងយុត្តិធម៌ ចូលរួមធ្វើបទបង្ហាញលម្អិតទៅលើខ្លឹមសារច្បាប់ និងកាតព្វកិច្ចក្នុងការអនុវត្តដីកាសម្រេចបង្កកទ្រព្យសម្បត្តិផងដែរ។
ថ្លែងទៅកាន់អង្គពិធី លោកអនុរដ្ឋលេខាធិការបានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយនេះ មានគោលបំណងសំខាន់ៗចំនួន៣គឺ៖ ទី១ ផ្តល់ចំណេះដឹង និងការយល់ដឹងអំពីច្បាប់ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកាតព្វកិច្ចក្នុងការអនុវត្តដីកាសម្រេចបង្កកទ្រព្យសម្បត្តិ ទៅលើការរីកសាយភាយដោយអាជីវកម្ម ឬអាជីពមិនមែនហិរញ្ញវត្ថុដែលបានដៅ។ ទី២ ជៀសវាងផលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល ពីអាជីវកម្មដោយការយល់ដឹងមិនគ្រប់គ្រាន់នៃហានិភ័យនៃហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៅក្នុងវិស័យរបស់ខ្លួន និងទី៣ ចូលរួមរក្សាកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ និងបង្ហាញឲ្យឃើញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមជាមួយប្រទេសនានាក្នុងតំបន់និងសកលលោក លើការងារប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ស្របតាមការកំណត់របស់ក្រុមការងារហិរញ្ញវត្ថុ FATF ក៏ដូចជាសហគមន៍អន្តរជាតិនានាផងដែរ។
លោកអនុរដ្ឋលេខាធិការបានបន្តថា ការមិនប្រុងប្រយ័ត្ន និងមិនបានយល់ដឹងពីការរីកសាយភាយដោយអាជីវកម្ម ឬអាជីពមិនមែនហិរញ្ញវត្ថុដែលបានដៅ និងកាតព្វកិច្ចរបស់ខ្លួនច្បាស់លាស់ អាចបង្កផលប៉ះពាល់ដល់ខ្លួន និងប្រទេសជាតិ ហើយផលវិបាកដែលអាចកើតមានដោយការចូលក្នុងបញ្ជីខ្មៅរបស់ក្រុមការងារហិរញ្ញវត្ថុ មានដូចជា ប៉ះពាល់ដល់ដំណើរការទូទាត់ពាណិជ្ជកម្មអន្តរជាតិ ជាពិសេសជាមួយធនាគារទំនាក់ទំនងអន្តរជាតិ និងលំហូរទុនចូលនិងប្រាក់កម្ចីពីបរទេស នឹងធ្លាក់ចុះ រីឯលំហូរចេញទៅវិនិយោគនៅបរទេស នឹងត្រូវបានរឹតបន្តឹង ព្រមទាំងប៉ះពាល់ដល់ការនាំចេញនាំចូល និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិទៀតផង។
លោកថា៖«ដើម្បីចូលរួមអនុវត្តភារកិច្ចក្នុងផែនការសកម្មភាពរបស់ក្រុមការងារត្រួតពិនិត្យរួមរបស់ FATF កន្លងមក ក្រសួងពាណិជ្ជកម្ម បានផ្សព្វផ្សាយឯកសារ ច្បាប់ អនុក្រឹត្យ ដីកាសម្រេចបង្កកទ្រព្យសម្បត្តិ ពាក់ព័ន្ធនឹងហិរញ្ញប្បទានអាវុធ មហាប្រល័យ និងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ កាលពីខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ជូនដល់សមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា សមាជិកសភាពាណិជ្ជកម្មកម្ពុជា សមាជិក EuroCham អ្នកតំណាងស្របច្បាប់ក្នុងការចុះបញ្ជីពាណិជ្ជកម្ម»៕