ភ្នំពេញ៖ លោក អ៊ុក ទី អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំមន្រ្តីជំនាញចូលរួមសន្និសីទផ្សព្វផ្សាយស្តីពី ពិព័រណ៍ផលិតផលនាំចេញ-នាំចូលចិន លើកទី១៣៣ នៅខេត្តក្វាងទុង ប្រទេសចិន ដែលសន្និសីទនេះ រៀបចំធ្វើនៅសណ្ឋាគារអ៊ុក វ៉ូត ព្រឺមៀរ (Oakwood Premier Hotel) រាជធានីភ្នំពេញ។ សន្និសីទខាងលើ សហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសចិន មកពីខេត្តក្វាងទុង ប្រទេសចិន ដែលមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមប្រមាណជាង ១០០នាក់ ជាពាណិជ្ជករជនជាតិចិន និង ពាណិជ្ជករកម្ពុជា ដែលជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា។
លោក ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា នេះជាឱកាសសម្រាប់ពាណិជ្ជករកម្ពុជា ដែលមានបំណងចង់រកដៃគូពាណិជ្ជកម្ម ជាមួយប្រទេសចិន ដោយសភាពាណិជ្ជកម្មកម្ពុជា នឹងមានគម្រោងរៀបចំបេសកកម្មពាណិជ្ជកម្មមួយទៅកាន់ប្រទេសចិន នាខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ដោយឆ្លងកាត់ទីក្រុងក្វាងចូវរយៈពេលខ្លីដើម្បីធ្វើជំនួបពាណិជ្ជកម្ម បន្ទាប់មកប្រតិភូសភាពាណិជ្ជកម្មនឹងបន្តដំណើរទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២០ ឆ្នាំ២០២៣ នាពេលខាងមុខ។
លោក ចាង ស៊ឺ ហុង អនុប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសចិន បានលើកឡើងថា ពិព័រណ៍នេះ ជាព្រឹត្តការណ៍ពាណិជ្ជកម្មដ៏ធំមួយ របស់ប្រទេសចិន ជាចំណុចប្រសព្វរវាងពាណិជ្ជករ អាជវីករ ទាំងអស់ទូទាំងពិភពលោក មកជួបជុំគ្នា និងស្វែងរកដៃគូពាណិជ្ជកម្ម ដែលមានក្រុមហ៊ុនរាប់ម៉ឺនចូលរួម ជាពិសេសក្រុមហ៊ុនធំៗរបស់ប្រទេសចិនចំនួនជិត៥០០០ បានចូលរួមផងដែរ។
ក្រៅពីការតាំងបង្ហាញនូវផលិតផលនាំចេញ-នាំចូល និងបច្ចេកវិទ្យាទំនើបៗ ក៏មានរៀបចំវេទិកាធុរកិច្ចជាច្រើនទៀត និងមានរៀបចំតាំងបង្ហាញផលិតផលតាមអនឡាញពេញមួយឆ្នាំផងដែរ។
ថ្លែងក្នុងពិធីបើកសន្និសីទផ្សព្វផ្សាយខាងលើ លោក អ៊ុក ទី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានយកឱកាសនេះ ជម្រាបជូនអ្នកចូលរួមទាំងអស់អំពី ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បានឈានដល់ដំណាក់កាលថ្មីមួយទៀតលើសពីមិត្តភាពដែកថែប ទៅជាមិត្តភាពក្នុងកម្រិតត្បូងពេជ្រ និងបានប្តេជ្ញារួមគ្នា កសាងវឌ្ឍនភាព វិបុលភាព និងការយល់ចិត្តថ្លើមគ្នា។
កម្ពុជា-ចិនបានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ២០១០កន្លងមក។ ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំង២ កម្ពុជា-ចិន ក្នុងក្របខ័ណ្ឌ គោលនយោបាយវិថីសូត្រ ខ្សែក្រវ៉ាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្ស៍ទី២១ បានប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ កម្ពុជា-ចិន និងប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ ពាន់ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ នេះ៕