ភ្នំពេញ: លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានមាន ប្រសាសន៍ ទោះបីមានវិបត្តិសុខភាពសាកល កូវីដ១៩ យ៉ាងណាក្តី ក្រសួងរបស់លោកនៅតែបន្តស្វះស្វែងរកវិធីសាស្ត្រដើម្បីជួយស្តារស្ថានភាពសេដ្ឋកិច្ចរបស់ក្រុមហ៊ុន និងសហគ្រាសធនតូចនិងមធ្យម នៅកម្ពុជា ។
ការថ្លែងរបស់លោក ចម ប្រសិទ្ធ ធ្វើឡើងនៅព្រឹកថ្ងៃទី ១៤ ថុនា ឆ្នាំ២០២១ ខណះលោកបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិស្តីពី”វដ្ដនៃគុណភាព នវានុវត្តន៍ និងប្រព័ន្ធផលិតកម្ម LEAN ដើម្បីលើកកំពស់ផលិតភាពសហគ្រាសធនតូចនិងមធ្យម តាមប្រព័ន្ធអនឡាញ (Zoom Cloud Meeting)នៅទីស្តីការក្រសួង ។
លោកថា៖«រយៈពេលជាងមួយឆ្នាំមកនេះ តាមរយៈមជ្ឈមណ្ឌលផលិតភាពជាតិ សហការជាមួយអង្គការ ផលិតភាពអាស៊ី (APO) ក្រសួងបានសាកល្បងអនុវត្តគម្រោងផ្តោតលើផលិតកម្ម LEAN (LEAN Manufacturing) ទៅលើក្រុមហ៊ុនគំរូចំនួន ៣ខាងលើតាមរយៈការផ្តល់ការប្រឹក្សាយោបល់ដោយផ្ទាល់ខ្លះ និងពីចម្ងាយតាមប្រព័ន្ធអនឡាញ ដើម្បីវាស់វែងរបស់វិធីសាស្ត្រផលិតភាពនេះក្នុងបរិបទពិភពលោកបច្ចុប្បន្ន» ។
លោក ចម ប្រសិទ្ធ បានបន្ថែមថា រៀនសូត្រពីបទពិសោធន៍ទាំងនេះ ឃើញថា ប្រព័ន្ធផលិតកម្ម LEAN ផ្តោតលើការបង្កើនសកម្មភាព ផ្តល់តម្លៃបន្ថែម ជូនអតិថិជនរបស់ខ្លួន ហេីយកាត់បន្ថយសកម្មភាពពុំបានផ្តល់តម្លៃបន្ថែមឲ្យនៅទាបបំផុត ។ លោកថា កន្លងមកសកម្មភាពផ្តល់តម្លៃបន្ថែម ( Value-Added Activities) តាមក្រុមហ៊ុននានាមានមិនបាន៣%ផងទេ ។ ផ្ទុយទៅវិញយើងបានចំណាយរហូតដល់៩៧% លើសកម្មភាពដែលពុំបានផ្តល់តម្លៃបន្ថែមជូនអតិថិជន នេះជាការខាតបង់យ៉ាងច្រើនសម្បើម ។
យ៉ាងណាម៉ិញបើសហគ្រាសយើងអាចបង្កើនសកម្មភាពផ្តល់តម្លៃបន្ថែមដល់៥%ឬ រហូតដល់ ១០% នោះសហគ្រាសយេីង នឹងក្លាយជាសហគ្រាសឆ្នើម ។ លោក ចម ប្រសិទ្ធ មានជំនឿថា៖«តាមរយៈបទបង្ហាញលំអិតរបស់ក្រុមហ៊ុនគំរូទាំង៣ នាថ្ងៃនេះ នឹងផ្តល់ជាបទពិសោធន៍ជាក់ស្តែងសម្រាប់ជាផលប្រយោជន៍ដល់ក្រុមហ៊ុនសហគ្រាស ធនតូចនិងមធ្យមនៅកម្ពុជាយើងរៀនសូត្រតាម ដើម្បីឆ្ពោះទៅការអភិវឌ្ឍជាលំដាប់នរន្ត»៕