ភ្នំពេញ៖ លោក NISHIYAMA នាយកប្រតិបត្តិក្រុមហ៊ុនជប៉ុនបានបង្ហាញចំណាប់អារម្មណ៍ក្នុងនាំចូលគ្រឿងចក្រកែច្នៃសំរាមថង់ផ្លាស្ទិកជាបេតុងកៅស៊ូ (AC) ក្នុងចូលរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជាឱ្យកាន់តែមានគុណភាពខ្ពស់ស្តង់ដារជប៉ុន។
ការបង្ហាញនូវផែនការនេះត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ នៅទីស្តីការ ក្រសួង ក្នុងជំបួនរវាងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន ដែលដឹកនាំដោយលោក Shu NISHIYAMA នាយកប្រតិបត្តិក្រុមហ៊ុន និងគណៈប្រតិភូ ដោយមានការអមដំណើរពីជំនាញការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
លោក Shu NISHIYAMA បានណែនាំគ្រឿងចក្រប្រភេទថ្មី ដែលមានសមត្ថភាពអាចកែច្នៃសំរាមប្លាស្ទិកឱ្យទៅជាបេតុងកៅស៊ូ (AC) សម្រាប់ការសាងសង់ផ្លូវនៅកម្ពុជា និងបានស្នើសុំឱ្យ ក្រសួងពិចារណាលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ ដោយហេតុថាវាមានលក្ខណៈសមស្របអាចប្រើ ប្រាស់បាននៅក្នុងស្ថានភាពប្រទេសកម្ពុជា ដែលសំបូរទៅដោយភ្លៀងធ្លាក់រយៈពេលយូរ អាចធានាបាននូវការជ្រាបទឹក និងធ្វើឱ្យផ្លូវជាប់រឹងមាំបានយូរអង្វែងផងដែរ។
លោក ស៊ុន ចាន់ថុល បានណែនាំឱ្យក្រុមហ៊ុនពិនិត្យស្ថានភាពនៅកម្ពុជាឱ្យបានល្អិតល្អន់ មុននឹងសម្រេចលើការនាំចូលបច្ចេកវិទ្យាថ្មីនេះ ជាពិសេសពិនិត្យទៅលើសំរាមនៅកម្ពុជា ដែលមិនមាន ការបែងចែកប្រភេទសំរាម អាចបង្កជាបញ្ហាស្មុគស្មាញក្នុងការផ្គត់ផ្គង់សម្រាប់ដំណើរការកែច្នៃ និងការ ប្រមូលសំរាមផងដែរ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រីនៅតែបង្ហាញនូវការគាំទ្រលើ គំនិតផ្ដួចផ្ដើមនៃការនាំយកមកប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះផងដែរ ដើម្បីចូលរួមថែរក្សាបរិស្ថានស្អាត។
បន្ថែមពីលើនេះ លោករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនធ្វើការសិក្សាឱ្យបានលម្អិតទាក់ទងនឹង បរិមាណប្លាស្ទិកនៅកម្ពុជាថាតើអាចផ្គត់ផ្គង់សម្រាប់ការកែច្នៃបានកម្រិតណា និងបានបញ្ជាក់ថា៖ តម្លៃ ផលិតផលនោះមិនត្រូវឱ្យលើសថ្លៃបេតុងកៅស៊ូ (AC) ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្នទេ និងត្រូវ សិក្សាអំពីបញ្ហាផលប៉ះពាល់បរិស្ថានដោយប្រៀបធៀបនឹងការប្រើប្រាស់បេតុងកៅស៊ូផងដែរ៕