ភ្នំពេញ៖ ក្រុមហ៊ុន Walmart ដែលជាក្រុមហ៊ុនលក់រាយធំជាងគេបំផុតលើពិភពលោក គ្រោងនឹងពង្រីកការបញ្ជារទិញផលិតផលពីកម្ពុជា ខណៈក្រុមហ៊ុននេះ ជាក្រុមហ៊ុនធំលំដាប់ទី១០ ដែលបានបញ្ជារទិញផលិតផលវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ពីកម្ពុជា។
នៅក្នុងជំនួបការងារតាមរយៈប្រព័ន្ធអនទ្បាញ ជាមួយរដ្ឋមន្ត្រីក្រសួងការងារកម្ពុជា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ តំណាងក្រុមហ៊ុន Walmart បានលើកឡើងថា ក្រុមហ៊ុនមានគម្រោងពង្រីកការបញ្ជាទិញផលិតផលពីកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ឱកាសការងារ និងជីវភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងអាចជួយដល់ការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ របស់កម្ពុជាថែមទៀត។
លោកស្រី អានប៊ីញ ផាន បានមានប្រសាសន៍ថា ដោយសារតែកម្ពុជា មានលក្ខខណ្ឌការងារបានប្រសើរ ជាពិសេសគ្រប់គ្រង និងទប់ស្កាត់បានយ៉ាងល្អ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការឆ្លងរាលដាលនៃកូវីដ-១៩ ទើបអាចធានាបាននូវនិរន្តរភាពចង្វាក់ផលិតកម្ម និងការនាំចេញផលិតផលកម្ពុជាទៅក្រៅប្រទេស។
លោកស្រីបានថ្លែងថា ក្រុមហ៊ុនWalmart គឺជាក្រុមហ៊ុនឈានមុខគេក្នុងការនាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ និងផលិតផលកម្សាន្តតាមរដូវកាល។ នាពេលអនាគត Walmart គ្រោងនាំចេញពីប្រទេសកម្ពុជានូវ ផ្លែឈើ ផលិតផលចំណីអាហារ គ្រឿងអេឡិចត្រូនិច និងសង្ហារឹម គឺពេលដែលផលិតផលទាំងនេះត្រូវតាមស្តង់ដារអន្តរជាតិ។
លោក អ៊ិត សំហេង បានលើកឡើងថា ពាក់ព័ន្ធនឹងការគ្រប់គ្រងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានជម្រុញ និងផ្តល់អាទិភាពជូនកម្មករនិយោជិតរួមទាំងកម្មករនិយោជិតជនបរទេសតាមរោងចក្រ សហគ្រាស ក្នុងការទទួលបាននូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងដោយឥតគិតថ្លៃ ទាំងដូសមូលដ្ឋាន និងដូសជម្រុញ។
លោកបានបញ្ជាក់ថា៖« រាជរដ្ឋាភិបាលក៏បានដាក់ចេញជាបន្តបន្ទាប់ និងអនុវត្តប្រកបដោយជោគជ័យនូវកញ្ចប់វិធានការអន្តរាគមន៍ចំនួន ១០ជុំ រួចមកហើយ ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការធានាបាននូវប្រក្រតីភាពនៃអាជីវកម្ម ពាណិជ្ជកម្ម ផលិតកម្ម វិនិយោគ ការងារ និងមុខរបរ ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ»។
Walmart ជាក្រុមហ៊ុនលក់រាយធំជាងគេបំផុតលើពិភពលោក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦។ មានទីស្នាក់ការកណ្តាលនៅរដ្ឋអាកានសាស់ សហរដ្ឋអាមេរិក មានបុគ្គិល ២.៣លាននាក់ និងកំពុងធ្វើប្រតិបត្តិការនៅក្នុង ២៤ប្រទេស។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បង្ហាញថា ការនាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេល៥ខែ ឆ្នាំ២០២២នេះ មានតម្លៃទឹកប្រាក់ជាង៣ ៧២៩លានដុល្លារ កើនឡើងជាង៥៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២។ផលិតដែលកម្ពុជា នាំចេញទៅអាមេរិកភាគច្រើនជាងផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារៈធ្វើដំណើរ៕