ភ្នំពេញ៖ ក្រសួង សាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងប្រព័ន្ធផ្លាស់ប្តូរ ទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI)កំពុងមានវឌ្ឍនភាពដោយបានធ្វើតេសសាកល្បងលើប្រព័ន្ធនេះ ដំណាក់កាលទី១។
លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពប្រចាំខែនៃគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI) ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង និងការចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយពីសមាជិកគណៈកម្មការគ្រប់គ្រងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI)។
អង្គប្រជុំបានពិភាក្សាលើលទ្ធផលវឌ្ឍនភាពក្នុងខែវិច្ឆិកានៃគម្រោងប្រព័ន្ធ Port EDI ដែលក្នុងនោះ រួមមាន៖ ១) បានចាប់ផ្តើមការធ្វើតេស្តសាកល្បងលើប្រព័ន្ធ Port EDI ក្នុងដំណាក់កាលទី១ (UAT1) ដែលមានរយៈពេលបីខែ ដោយមានការចូលរួមពីគ្រប់ភាគីនៃគណៈកម្មការគ្រប់គ្រងប្រព័ន្ធ Port EDI
ការធ្វើតេស្តសាកល្បងនេះមានរយៈពេលពីរសប្តាហ៍ មានចំនួន១៤៥៦ករណី ក្នុងនោះមាន ១៤២០ ករណីទទួលបានជោគជ័យ និង៣៦ករណីមានបញ្ហាដែលតម្រូវឱ្យកែសម្រួល។ ២) ការរៀបចំបន្ទប់រក្សាទិន្នន័យប្រព័ន្ធ Port EDI នៅទីស្តីការក្រសួងសម្រេចបាន៩០% ដែលគ្រោងនឹងបញ្ចប់នៅដើមខែមីនា និង ៣)នាយកដ្ឋាននាវាជំនួញសមុទ្របានបញ្ចប់សេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យដំណើរការប្រព័ន្ធ ផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ។
ជាងនេះទៅទៀត អង្គប្រជុំបានពិភាក្សាផងដែរអំពីទិសដៅដែលត្រូវអនុវត្តបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២២ ដែលក្នុងនោះរួមមាន៖ ១) បន្តរៀបចំធ្វើតេស្តសាកល្បងប្រព័ន្ធ Port EDI ក្នុងដំណាក់កាលទីមួយ ២) បន្ត រៀបចំបន្ទប់រក្សាទិន្នន័យប្រព័ន្ធ Port EDI ដែលភាគីខាងក្រុមហ៊ុន EXEO Group.inc កំពុងសហការ រៀបចំដំឡើងជាមួយនាយកដ្ឋានព័ត៍មានវិទ្យា និងទំនាក់ទំនងសាធារណៈ ៣) នាយកដ្ឋាននាវាជំនួញសមុទ្រនឹងរៀបចំកិច្ចប្រជុំជាមួយថ្នាក់អគ្គនាយកដ្ឋាន ដើម្បីពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យដំណើរការប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ ហើយគ្រោងនឹងដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេចឱ្យបានមុនការដាក់ដំណើរការជាផ្លូវការប្រព័ន្ធ Port EDI ៕