ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឱ្យអនុវត្តគម្រោង កំណែទម្រង់ស្ថាប័នរបស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម និងការអភិវឌ្ឍមជ្ឍមណ្ឌលព័ត៍មានសម្រាប់ពាណិជ្ជកម្មសេរីកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។
លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការតម្រង់ទិសរបស់គម្រោង ARISE Plus Cambodia បានសម្ពោធដាក់ឱ្យអនុវត្តគម្រោង “កំណែទម្រង់ស្ថាប័នរបស់វិទ្យាស្ថាន បណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម និងការអភិវឌ្ឍមជ្ឍមណ្ឌលព័ត៍មានសម្រាប់ពាណិជ្ជកម្មសេរី និងលេខាធិការដ្ឋាននៃគណៈកម្មាធិការចរចាពាណិជ្ជកម្មជាតិ” ដោយមានវត្តមានរបស់តំណាងអន្តរក្រសួង-ស្ថាប័ន តំណាងសហភាពអឺរ៉ុបនៅកម្ពុជា នាយកគម្រោង ARISE Plus Cambodia ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម។
គម្រោងនេះ គឺទទួលបានជំនួយឥតសំណងផ្តល់ដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) សម្រាប់ ការអនុវត្តចំនួន១២ ខែ លើសកម្មភាព ៣ សំខាន់ៗ៖ ១) កំណែទម្រង់ស្ថាប័នសម្រាប់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម ២) ការបង្កើតមជ្ឈមណ្ឌលចំណេះដឹងសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង ៣) ការបង្កើតលេខាធិការដ្ឋានសម្រាប់គណៈកម្មាធិការចរចាពាណិជ្ជកម្មជាតិ។
លោករដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានអ្នកចូលរួមទាំងអស់ និងបានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុបនៅកម្ពុជា និងគម្រោង ARISE Plus Cambodia ដែលបានផ្តល់ការគាំទ្រក្រសួងពាណិជ្ជកម្មនាពេលកន្លងមក។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការអនុវត្តគម្រោងនេះ គឺស្របតាមកាលៈទេសៈ ដែលប្រទេសកម្ពុជាជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសចិន និងកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសកូរ៉េ។
គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ជាអតិបរមាសម្រាប់ការកសាងសមត្ថភាពរបស់មន្រី្តរាជការក្រសួងពាណិជ្ជកម្ម និងអន្តរក្រសួង-ស្ថាប័នទាក់ទងនឹងការចរចាពាណិជ្ជកម្មសេរី និងជាមជ្ឍមណ្ឌលសម្រាប់ចែករំលែកព័ត៍មាន និងចំណេះដឹងពាក់ព័ន្ធនឹងការចរចាពាណិជ្ជកម្មសេរីនានា៕