ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងចុងក្រោយគោលនយោបាយអភិវឌ្ឍន៍ វិស័យកសិកម្ម ឆ្នាំ២០២១-២០៣០។ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពី សំណាក់ លោក និងលោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនផងដែរ។
ការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នាពេលនេះ លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា មិនត្រឹមតែជាឱកាសមួយសម្រាប់យើងទាំងអស់ គ្នាចូលរួមពិភាក្សាចែករំលែកទស្សនៈ និងផ្តល់នូវធាតុចូលជាគំនិតថ្មីៗលើលទ្ធផលការងារ កាលានុវត្តភាព និងបញ្ហា ប្រឈម ផ្សេងៗដែលយើងបានជួបប្រទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសមួយសម្រាប់យើងទាំងអស់គ្នា ចូលរួម រិះរក គ្រប់មធ្យោបាយ ដើម្បីកំណត់បណ្តាសកម្មភាពជាអាទិភាពឈានឆ្ពោះទៅរកការអភិវឌ្ឍវិស័យកសិកម្មឱ្យមានការរីក ចម្រើនឆាប់រហ័ស និងប្រកបដោយចីរភាព។
ជាពិសេសនៅក្នុងបរិការណ៍ដែលប្រទេសជាតិយើងកំពុងខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ក្រោយពីវិបត្តិនៃ ការរាតត្បាតដោយជំងឺកូវីដ-១៩ ឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខនេះ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានផែនការនិងស្ថិតិនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារបច្ចេកទេស និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងដៃគូអភិវឌ្ឍន៍ដទៃទៀតដែលបានជួយឧបត្ថម្ភគាំទ្រទាំង បច្ចេកទេសនិងថវិកាសម្រាប់ដំណើរការរៀបចំគោលនយោបាយដ៏មានសារៈសំខាន់នេះ។
លោករដ្ឋមន្ត្រីបន្ថែមថា រាជរដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម ដូចជាការអនុវត្តការ ដាំដុះក្នុងផ្ទះសំណាញ់ ការប្រើប្រាស់ប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹក ការព្រោះស្រូវដោយឧបករណ៍ទំនើបដោយ ប្រើ កម្លាំងពលកម្មតិចបំផុត និងការប្រើដ្រូនបាចជីកសិកម្មជាដើម ដែលទាំងអស់នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជំរុញ វិស័យកសិកម្មឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព សំដៅបង្កើន ប្រាក់ចំណូលគ្រួសារកសិករ ពង្រីកវិបុលភាព និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
ព្រមជាមួយនឹងការសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់នេះ វិស័យកសិកម្មបាន និងកំពុងមានការអភិវឌ្ឍរីកចម្រើន គួរជាទីមោទនៈ ដោយបានផលិតស្បៀងលើសពីសេចក្តីត្រូវការក្នុងស្រុក ហើយកំពុងជំរុញគាំទ្រ និងលើកទឹកចិត្ត ដល់ វិស័យឯកជន សហគ្រាសខ្នាតតូចនិងមធ្យម និងដៃគូអភិវឌ្ឍន៍នានាវិនិយោគលើការកែច្នៃ ដើម្បីធានានូវនិរន្តរភាពនៃ ការ ផលិតក្នុងស្រុក ស្ថិរភាពទីផ្សារ បង្កើនតម្លៃបន្ថែម លើកកម្ពស់គុណភាព ស្តង់ដារអនាម័យ និងសុវត្ថិភាពឆ្លើយតបតាម តម្រូវការទីផ្សារទាំងក្នុងតំបន់ និងអន្តរជាតិ។
ជាក់ស្តែងក្នុងឆ្នាំ២០២១កន្លងទៅនេះ តម្លៃផលិតផលកសិកម្មសរុបមានទំហំ១៨ពាន់លានដុល្លារអាមេរិក កើនប្រមាណ ជាង៤៣% ធៀបទៅនឹងតម្លៃផលិតផលកសិកម្មសរុបក្នុងឆ្នាំ២០២០ ក្នុងនោះតម្លៃផលិតផលសរុបផ្នែកដំណាំមានទំហំ ១០,៥ពាន់លានដុល្លារអាមេរិក តម្លៃផលិតផលសរុបផ្នែកសត្វមានទំហំ ៥,១ ពាន់លានដុល្លារអាមេរិក តម្លៃផលិតផល ផ្នែកជលផលមានទំហំ ១,៧ពាន់លានដុល្លារអាមេរិក តម្លៃផលិតផលផ្នែកព្រៃឈើមានទំហំជាង ៧៨,៦៣លានដុល្លារ អាមេរិក និងតម្លៃផលិតផលសរុបផ្នែកកៅស៊ូមានទំហំជាង ៦០៤លានដុល្លារអាមេរិក។ ដោយឡែក តម្លៃនៃការនាំចេញ ផលិតផលកសិកម្មសរុបសម្រាប់ឆ្នាំ២០២១ មានទំហំជាង ៥ ពាន់លានដុល្លារអាមេរិកគឺមានកំណើន ២៥% ធៀបទៅនឹងឆ្នាំ២០២០។
ទោះជាមានសន្ទុះនៃការរីកចម្រើនយ៉ាងណាក្តី ក៏វិស័យកសិកម្មនៅជួបបញ្ហាប្រឈមជាច្រើនផងដែរ មានជាអាទិ៍ ផលិត ភាពកសិកម្មនៅមានកម្រិតទាប គួបផ្សំនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩ ក៏មានការព្រួយបារម្ភអំពី ស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅក្នុងប្រទេសក៏ដូចជាការប្រកួតប្រជែងទីផ្សារនៃផលិតផលកសិកម្មផងដែរ។ ម្យ៉ាងទៀត ការផ្ទេរបច្ចេកទេសកសិកម្មទំនើបដល់កសិករ នៅពុំទាន់បានគ្រប់គ្រាន់ស្របតាមសេចក្តីត្រូវការ ជាក់ស្តែងក្នុង បរិបទនៃការប្រែប្រួលបច្ចេកវិទ្យាទំនើប។
ការផ្គត់ផ្គង់ទឹកកសិកម្មនៅពុំទាន់គ្រប់គ្រាន់តាមតម្រូវការប្រើប្រាស់របស់កសិករនៅឡើយ ពិសេសនៅពេលដែលកសិករ ជួបប្រទះគ្រោះរាំងស្ងួត។ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រកសិកម្មដទៃទៀតដូចជាផ្លូវ កសិដ្ឋាន ដើម្បីសម្រួលការដឹកជញ្ជូន ផលិត ផលរបស់កសិករ ប្រព័ន្ធស្តុកទុក ឃ្លាំងសម្ងួត ឃ្លាំងត្រជាក់ នៅមិនទាន់បង្កើតបានគ្រប់គ្រាន់សម្រាប់ការធ្វើកសិ-ពាណិជ្ជ កម្មឱ្យមានប្រសិទ្ធភាព សម្រាប់បម្រើឱ្យការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ គួបផ្សំនឹងតម្លៃអគ្គិសនី ផងដែរ។ លើសពីនេះទៀត កត្តាប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួតបានវាយលុកមកលើផលិតកម្មដំណាំកសិកម្ម បញ្ហាជំងឺឆ្លងសត្វ និងការទន្ទ្រានកាន់កាប់ដីព្រៃឈើ ព្រៃលិចទឹកនៅតំបន់មួយចំនួននៅតែកើតមានដែល ត្រូវតែចាត់ វិធានការដោះស្រាយឱ្យបានខ្លាំងក្លាបន្ថែមទៀត។
ហេតុនេះ គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០ ដែលត្រូវបាននិងកំពុងរៀបចំឡើង ឯកឧត្តមរដ្ឋ មន្ត្រីបញ្ជាក់ថា គឺដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ព្រមទាំងមានសង្គតិភាពទៅនឹង ឯកសារ គោលនយោបាយ និងយុទ្ធសាស្ត្ររបស់អន្តរស្ថាប័នពាក់ព័ន្ធផ្សេងៗផងដែរ។ គោលដៅចម្បងដែលត្រូវសម្រេចឱ្យបាន ក្នុងគោលនយោបាយនេះគឺ៖ (១) បង្កើនតម្លៃបន្ថែមសរុបនៃវិស័យកសិកម្មឱ្យកើនយ៉ាងតិច ៣ ភាគរយក្នុងមួយឆ្នាំ និង (២) បង្កើនផលិតភាពពលកម្មកសិកម្មពី ១ ៩៨៦ដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ដល់៤ ៦២៥ដុល្លារអាមេរិកក្នុងមួយឆ្នាំ នៅឆ្នាំ២០៣០។ ជាមួយនេះដែរ ដោយអនុលោមតាមទិដ្ឋភាពរួមដូចបានរៀបរាប់ខាងលើ និងដើម្បីចូលរួមចំណែកកែ លម្អសេចក្តីព្រាងចុងក្រោយនៃ “គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០” ឱ្យមានលក្ខណៈ ល្អប្រសើរគ្រប់ជ្រុងជ្រោយតាមគោលបំណង និងគោលដៅរំពឹងទុកនោះ អន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋបាល ថ្នាក់ក្រោមជាតិ និងអង្គភាពជំនាញជាសេនាធិការត្រូវជួយជំរុញក្នុងន័យធ្វើយ៉ាងណាឱ្យប្រជាកសិករ ទទួលបានការ គាំទ្រពីរដ្ឋនូវព័ត៌មានកសិកម្ម និងព័ត៌មានទីផ្សារ ដើម្បីផ្សារភា្ជប់ផលិតកម្មទៅនឹងតម្រូវការទីផ្សារក្នុងស្រុក តំបន់ និង ពិភពលោក ព្រមទាំងជំរុញផលិតកម្មកសិផលតាមសក្តានុពលលក្ខណៈភូមិសាស្រ្តនៃតំបន់នីមួយៗដើម្បីប្រសិទ្ធភាព និងពិពិធកម្មសេដ្ឋកិច្ច៕