ភ្នំពេញៈផលិតផលគ្រំចំពុះទាអាហារសមុទ្រមកពីសហគមន៍ខេត្តកោះកុងមានវត្តមាននៅផ្សារទំនើបម៉ាក្រូក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញដែលជាផ្នែកមួយចូលរួមគាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍។នេះបើតាមមន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន។
លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងក្នុងឱកាសនៃការចូលរួមពិធីផ្សព្វផ្សាយផលិតផលគ្រុំចំពុះ នៅក្នុងផ្សារទំនើបម៉ាក្រូ កាលពីថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០២១ថា នេះគឺជាជំហានថ្មីមួយសម្រាប់ពង្រីកទីផ្សារគ្រុំចំពុះទាលើទីផ្សារក្នុងស្រុក និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថានក្នុងការជួយដល់ជីវភាព និងសេដ្ឋកិច្ចគ្រួសាររបស់សហគមន៍តំបន់ការពារធម្មជាតិឱ្យកាន់តែល្អប្រសើរឡើង។
លោកថា៖«គ្រំចំពុះទាជាផលិតផលក្នុងស្រុក ដែលសំបូរនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោបខេត្តកោះកុង និងជានិមិត្តរូប នៃនិរន្តរភាពធនធានធម្មជាតិកើតចេញពីសុខដុមរមណីយកម្មរវាងសកម្មភាពសេដ្ឋកិច្ច និងការអភិរក្ស ពិសេសការអភិរក្សព្រៃកោងកាង ចាប់ផ្តើមមានវត្តមាននៅលើទីផ្សារទំនើបម៉ាក្រូដើម្បីចូលរួមជាជម្រើសមុខម្ហូបថ្មីមួយទៀតសម្រាប់អ្នកចូលចិត្តអាហារសមុទ្រ»។
ក្នុងឱកាសនេះ លោកបានថ្លែងអំណរគុណដល់ផ្សារស្នាដៃម៉ែ និងផ្សារម៉ាក្រូដែលបានជួយចូលរួមសហការ ជាមួយក្រសួងបរិស្ថាននាំយកនូវផលិតផលក្នុងស្រុកមួយនេះមកលក់នៅលើទីផ្សារ។
លោកថា៖«នេះគឺជាផ្នែកមួយនៃការចូលរួមរកទីផ្សារជូនផលិតផលក្នុងស្រុក និងក៏ជាផ្នែកមួយនៃការចូលរួមអភិរក្សសមុទ្រជាពិសេសចូលរួមក្នុងការការពារព្រៃកោងកាងនៅក្នុងតំបន់ខេត្តកោះកុងដែលជាប្រភពសុវត្ថិភាពស្បៀងអាហារដ៏សំខាន់ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ»។
ស្ថិតក្រោមកិច្ចសហការរបស់គម្រោងនិរន្តរភាពទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា(CSLEP)នៃក្រសួងបរិស្ថាន សហការជាមួយផ្សារម៉ាក្រូនៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប បានរៀបចំបើកលក់ផលិតផលគ្រំចំពុះទាកោះកុងក្នុងតម្លៃពិសេសចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី ០៥ ខែតុលាឆ្នាំ២០២១៕