ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឱ្យដឹងក្នុងសន្និសីទព័ត៌មានមួយកាលពីថ្ងៃទី១៤ ខែឧសភាថា ប្រទេសចិនបានចាត់វិធានការពិសេសដើម្បីជួយសម្រួលដល់ការនាំចូលស្វាយស្រស់ដែលមានគុណភាពពីប្រទេសកម្ពុជាទៅទីផ្សារចិន និងរំពឹងថា ស្វាយស្រស់ចំនួន ១០០ ០០០តោននឹងចូលទៅទីផ្សារចិនក្នុងឆ្នាំនេះ។
លោកស្រី Hua Chunying បានឆ្លើយតបនឹងសំណួររបស់កាសែត Beijing Youth Daily ថា តាមពិតនាយកដ្ឋានជាប់ពាក់ព័ន្ធបានជម្នះបញ្ហាប្រឈមជាច្រើនដែលបណ្ដាលមកពីជំងឺកូវីដ១៩ និងអាចឆ្លងកាត់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងជាក់ស្ដែង ផ្នែកផលិតផលកសិកម្ម តាមរយៈមធ្យោបាយនវានុវត្តន៍នៃការត្រួតពិនិត្យដាច់ដោយឡែកតាមរយៈវីដេអូខនហ្វ្រិន។
កិច្ចសហប្រតិបត្តិការនេះមិនគ្រាន់តែជួយសម្រេចបានតាមតម្រូវការអតិថិជនចិនតាមរយៈការបន្ថែមជម្រើសដល់ទីផ្សារផ្លែឈើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកសិករកម្ពុជាក្នុងការរកប្រាក់ចំណូលបន្ថែម និងជួយពួកគេជម្នះពេលវេលាដ៏ពិបាកដោយសារជំងឺកូវីដ១៩។
លោកស្រីថ្លែងថា៖ «ព័ត៌មាននេះទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង និងស្វាគមន៍ដោយកក់ក្ដៅពីវិស័យទាំងអស់នៅប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះគឺលើសពីគ្រាន់តែស្វាយទៅទៀត។ វាបង្ហាញពីមិត្តភាពជាបងប្អូនរវាងប្រទេសយើងទាំងពីរ»។
លោកស្រីលើកឡើងថា៖ «ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជាបានចែករំលែកសុវត្ថិភាព និងការពិបាក ប្រទេសចិននឹងសហការជាមួយប្រទេសកម្ពុជា ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការជាក់ស្ដែងកាន់តែស៊ីជម្រៅជាបន្តនៅក្នុងវិស័យនានា ដែលរួមទាំងផលិតកម្មកសិកម្ម ដើម្បីនាំយកអត្ថប្រយោជន៍ជាក់ស្ដែងដល់ប្រជាជនរបស់ប្រទេសទាំងពីរ»។
ការនាំចេញជាផ្លូវការនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋបាលគយចិន កាលពីថ្ងៃទី២៦ខែមេសា បានអនុម័តជាផ្លូវការនូវបញ្ជីចម្ការស្វាយ និងរោងចក្រវេចខ្ចប់ចំនួន៣៧ ដើម្បីនាំចេញស្វាយស្រស់ទៅប្រទេសចិន។
ស្ថិតិក្រសួងកសិកម្មបង្ហាញថា កម្ពុជាបាននាំចេញស្វាយស្រស់១៤២ ៥៥៦ តោននៅរយៈពេល៤ខែដំបូងឆ្នាំ២០២១ កើនឡើង២៣៩,១៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
គិតត្រឹមឆ្នាំ២០២០ ស្វាយត្រូវបានដាំដុះលើផ្ទៃដី ១៣០ ០០០ហិកតានៅក្នុងប្រទេសកម្ពុជា ក្នុងចំណោមនោះ ៩១ ១០៤ ហិកតា (៧០,០៨ភាគរយ) កំពុងប្រមូលផល។ ទិន្នផលជាមធ្យមជាង ១,៣៨លានតោនក្នុងមួយរដូវ៕