ភ្នំពេញ៖ ការវិនិយោគដោយផ្ទាល់ពីក្រុមហ៊ុនជប៉ុនមកកាន់កម្ពុជាបានដើរតួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងបង្កើតការងារ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័ត លើគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ចំនួន ១៤៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៨៥ ប៊ីលានដុល្លារ នេះគិតត្រឹមខែកក្កដា ឆ្នាំ២០២២នេះ។
នៅក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនជប៉ុនរៀបចំដោយអង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន (JETRO) ដោយមានការចូលរួមពីតំណាងវិនិយោគិនជប៉ុនក្នុងវិស័យចំណីអាហារ អេឡិចត្រូនិក សុខាភិបាល ឡូជីស្ទីក ធនាគារ សំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី៣០ ខែ សីហា លោក សុខ ចិន្តាសោភា បានថ្លែងប្រាប់តំណាងវិនិយោគិនជប៉ុន អំពីអត្ថប្រយោជន៍នៃច្បាប់ស្តីពីវិនិយោគរបស់កម្ពុជា ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់កាល ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដែលបានបើកកិច្ចសម្របសម្រួល ការធានានិងការការពារ ការលើកទឹកចិត្ត និង ការថែទាំវិនិយោគ។ លោកបានបានបញ្ជាក់យ៉ាងដូច្នេះថា៖«ថា ច្បាប់ស្តីពីវិនិយោគថ្មីនេះ បានបង្ហាញឱ្យឃើញច្បាស់ពីការត្រៀមលក្ខណៈរបស់រាជរដ្ឋាភិបាលក្នុងការជំរុញនិងទាក់ទាញវិនិយោគ បន្ថែមប្រកបដោយគុណភាព ដើម្បីចូលរួមឱ្យកាន់តែស៊ីជម្រៅទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកល តាមរយៈយុទ្ធសាស្ត្របូកមួយ»។
លោកស្រី Marisa Haruta តំណាងអង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន (JETRO) បានឱ្យដឹងថា គោលបំណងនៃគណៈប្រតិភូធុរកិច្ច និងវិនិយោគជប៉ុនមកកាន់កម្ពុជានាពេលនេះគឺដើម្បីផ្តល់ឱកាសដល់ គណៈប្រតិភូធុរកិច្ចជប៉ុនបានស្តាប់និងឃើញ អំពីស្ថានភាពទូទៅនៃបរិយាកាសធុរកិច្ចនៅកម្ពុជា និងស្ថានភាពពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន ជាពិសេសការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា លើវិស័យពាណិជ្ជកម្មប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះធុរជន និងវិនិយោគិនជប៉ុនឱ្យពិចារណាក្នុងការប្រកបអាជីវកម្មនិងវិនិយោគនៅកម្ពុជា។
លោកស្រីបានបញ្ជាក់ថា៖« ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ កន្លងមកបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការសម្របសម្រួល ដើម្បីបង្កើតនូវបរិយាកាសវិនិយោគដ៏ល្អប្រសើរលើគ្រប់វិស័យ និងផ្តល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ ចំពោះក្តីកង្វល់ និងសំណូមពររបស់វិនិយោគិនជប៉ុន»។
បើតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់ប្រមាណជាង ១,៧០០លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុន មានទឹកប្រាក់ប្រមាណជាង ១,០៩៣លានដុល្លាអាមេរិក ខណៈដែលជប៉ុននាំចូលមកកម្ពុជា មានទឹកប្រាក់ប្រមាណជាង ៦០៧លានដុល្លាមេរិក។ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុន មានផលិតផលដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប និងផលិតផលផ្សេងទៀត៕