បាងកក៖ លោក អ៊ូក សោភ័ណ អគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃត្រូវបានក្រុមប្រឹក្សាអង្គទូតសាកល (DC) ដែលប្រមូលផ្តុំដោយឥស្សរជនឆ្នើម និងធុរជនល្បីៗលើពិភពលោក ធ្វើការផ្តល់ជូនសមាជិកភាពពេញមួយជីវិត សម្រាប់បេសកកម្មដ៏ពិសិដ្ឋ ក្នុងបុព្វហេតុពង្រឹងទំនាក់ទំនងអន្តរជាតិ ជាពិសេសការទូតសេដ្ឋកិច្ច។
ពិធីប្រគល់ និងទទួលប័ណ្ណសមាជិកភាព បានធ្វើឡើងកាលពីរសៀលថ្ងៃអង្គារ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២១ ដោយលោកបណ្ឌិត Dato’ Steve Cheah ទីប្រឹក្សាជាន់ខ្ពស់ក្រុមហ៊ុន Berli Jucker PCL (ប្រតិបត្តិករផ្សារទំនើប Big C) និងជាប្រមុខបេសកកម្ម DC ប្រចាំប្រទេស CLMTV (កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃឡង់ដ៏-វៀតណាម)។
នៅក្នុងឱកាសនោះ លោក អ៊ូក សោភ័ណ បានថ្លែងអំណរគុណដល់លោកបណ្ឌិត Dato’ Steve Cheah និងបានចាត់ទុកសមាជិកភាព DC គឺជាមោទនភាពរួមរបស់មន្ត្រីការទូតកម្ពុជា ដែលកំពុងបំពេញភារកិច្ចជូនប្រទេសជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ទាក់ទងនឹងការជំរុញសេដ្ឋកិច្ចការទូត លោកឯកអគ្គរាជទូត និងលោកបណ្ឌិត Dato’ Steve Cheah បានឯកភាពនឹងរៀបចំជំនួបធុរកិច្ច និងទស្សនកិច្ចសិក្សាសម្រាប់អង្គទូត និងធុរជននៅថៃ ទៅកាន់ខេត្តតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា ដោយសហការជាមួយក្រុមប្រឹក្សាធុរកិច្ចកម្ពុជានៅក្នុងប្រទេសថៃ (CBC)។
សូមជម្រាបថា ក្រុមប្រឹក្សាអង្គទូត (DC) គឺជាក្រុមឥស្សរជនឆ្នើម ដែលមានការទទួលស្គាល់ពីក្រុមប្រឹក្សាសង្គម និងសេដ្ឋកិច្ចនៃអង្គការសហប្រជាជាតិ (UN) ក្នុងឋានៈជាក្រុមពិគ្រោះយោបល់ពិសេស លើវិស័យការទូត និងធុរកិច្ច។ ក្រុមប្រឹក្សានេះ បង្កើតឡើងដំបូងនៅទីក្រុង Hague នៃប្រទេសហូឡង់ ហើយបច្ចុប្បន្នមានទីស្នាក់ការកណ្តាលនៅទីក្រុង Wiesbaden ប្រទេសអាល្លឺម៉ង់៕