ភ្នំពេញៈ ការដោះដូទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងប្រទេសកាណាដា រយៈពេល១០ខែ ឆ្នាំ២០២១ មានតម្លៃប្រមាណ ៨២២លានដុល្លារ កើន ២៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។
បើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មកម្ពុជា បង្ហាញទៀតថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២១ ការនាំចេញទំនិញពីកម្ពុជាទៅប្រទេសកាណាដា មានតម្លៃ ៧៩០លានដុល្លារ កើនឡើង ៣១ភាគរយពីចំនួន ៦០៤លានដុល្លារ និងការនាំទំនិញពីកាណាដា មកទីផ្សារកម្ពុជា មានតម្លៃ ៣២លានដុល្លារ ធ្លាក់ចុះ ៣៣ភាគរយពីចំនួន ៤៨លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ដោយសារកាណាដា ជាប្រទេសជឿនលឿន ទំនិញដែលនាំចេញពីកម្ពុជាភាគច្រើនជាផលិតផលវាយនភណ្ឌ សម្ភារធ្វើដំណើរ និងកាបូប ជាដើម។ កម្ពុជាតែងតែមានឧត្តមភាពសម្រាប់ពាណិជ្ជកម្មជាមួយប្រទេសកាណាដា។
លោកថា តាមរយៈការធ្វើពិពិធកម្មផលិតកម្មជាបន្តបន្ទាប់ កម្ពុជារំពឹងថានឹងអាចនាំចេញកាន់តែច្រើនបន្ថែមទៀតទៅប្រទេសកាណាដា។ ជាមួយគ្នានេះដែរ តាមរយៈការដាក់ចេញនូវច្បាប់វិនិយោគថ្មី និងច្បាប់ពាណិជ្ជកម្មជាច្រើនទៀត ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ នឹងរឹតតែធំបន្ថែមទៀតនៅពេលខាងមុខ៕