ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីជាមួយធនាគារប្រៃសណីយ៍កម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្នុងការផ្តល់ឥណទាន ដល់កសិករ សហគមន៍កសិកម្ម ដើម្បីលើកស្ទួយវិស័យកសិកម្ម ដែលជាវិស័យជន្ទល់សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើង ក្នុងដំណាក់កាលដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារ។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីនេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍនទជនបទ និងកសិកម្ម និងមានការអញ្ជើញចូលពីលោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារប្រៃសណីយ៍កម្ពុជា លោក Yannick Nicolas MILEV ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន និងលោក គា បូរាណ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ។
ក្រោមគម្រោងនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្តល់ឥណទានបោះដុំជូនគ្រឹះស្ថានហិរញ្ញវត្ថុទាំងបីខាងលើ ដើម្បីផ្តល់ឥណទានបន្តដល់អ្នកទទួលផលក្នុងគម្រោងដូចជា កសិករខ្នាតតូច កសិធុរកិច្ចខ្នាតតូច និងមធ្យម, សហគមន៍កសិកម្ម និងក្រុមអ្នកផលិត សម្រាប់កសិផលទាំងអស់លើកលែងតែស្រូវ។
គម្រោងនេះមានគម្រោងមានគោលបំណងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងគាំទ្រដល់ខ្សែច្រវាក់តម្លៃពិពិធកម្មវិស័យកសិកម្ម នៅរាជធានីភ្នំពេញ និងខេត្តគោលដៅចំនួន១២ រួមមានខេត្តបាត់ដំបង, មណ្ឌលគិរី, ស្ទឹងត្រែង, រតនគិរី, ព្រះវិហារ, កំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, សៀមរាប, កណ្តាល, កំពង់ស្ពឺ និងកំពង់ឆ្នាំង៕