ជាមួយនិងការនិយមប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងដើម្បីបង្កលក្ខណ:ងាយស្រួលអតិថិជនជាពិសេសអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ធនាគារអេស៊ីលីដាបានធ្វើឲ្យប្រសើរឡើងផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដោយធនាគារដាក់ឲ្យដំណើរ ការទីតាំង«សេវាកម្មធនាគារស្វ័យប្រវត្តិ» (Banking Self-Service) នៅទីតាំងចំនួន ១២ នៅក្នុងរាជធានីភ្នំពេញ និង១ទីតាំងនៅខេត្តសៀមរាបក្នុងការផ្តល់ជាជម្រើសកាន់តែសម្បូរបែប និងងាយស្រួល ដល់អតិថិជនសម្រាប់ការប្រើប្រាស់សាច់ប្រាក់ទៅតាមតម្រូវការ បន្ថែមពីលើការប្រើប្រាស់តាម អេស៊ីលីដាម៉ូបាល ។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍យ៉ាងថា ៖ «ធនាគារ អេស៊ីលីដា កំពុងបំពាក់បំពាក់ម៉ាស៊ីនទំនើបៗ ប្រកបដោយបច្ចេកវិទ្យាដោយបង្កើតនូវភាពលេចធ្លោនិងទាន់សម័យសម្រាប់អតិថិជន, សាធារណជន និងបណ្តាដៃគូពាណិជ្ជកម្មរបស់យើង ដែលរួមមាន ម៉ាស៊ីនដាក់ប្រាក់-ដកប្រាក់, ម៉ាស៊ីនដកប្រាក់, ម៉ាស៊ីនបើកគណនី, ម៉ាស៊ីនបើកគណនីមានកាលកំណត់ និងម៉ាស៊ីនដាក់កាបូបប្រាក់សម្រាប់ដៃគូដែលមានការចរាចរក្រដាសប្រាក់ច្រើនប្រភេទទៀត ។
លោកស្រីនាយិកាបានបន្ថែមថា ៖ «អត្ថប្រយោជន៍ គឺការធានាបាននូវសេចក្តីត្រូវការរបស់អតិថិជន ក្នុងការប្រើប្រាស់សាច់ប្រាក់ទៅតាមពេលវេលាដែលគាត់ត្រូវការ មិនថាពេលណា ឬកន្លែងណាទេ គឺងាកឃើញៗគ្រប់កន្លែង បើហួសមួយកន្លែង ដល់មួយកន្លែងទៀត ដោយមិនចាំបាច់ត្រឡប់ក្រោយឡើយ ។ គម្រោងរបស់យើងនឹងមានផែនការបង្កើតឲ្យមានទីតាំងរបៀបនេះរហូតដល់ ៥០ទីតាំង នៅទូទាំងប្រទេស។»
លោកស្រីបានបន្ថែមទាំងទៀតថា៖« យើងទាំងអស់គ្នា ដែលបំរើការនៅធនាគារ អេស៊ីលីដា មានមោទនភាពណាស់ដែលមានឱកាសក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជន, សាធារណជន គ្រប់ជាតិសាសន៍ ប្រកបដោយកាយវាចារចិត្តស្មោះស្ម័គ្រ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់បំផុត» ។
ជាមួយទីតាំងសេវាកម្មធនាគារស្វ័យប្រវត្តិ (Banking Self Service) របស់ធនាគារ អេស៊ីលីដា លោកអ្នកអាចធ្វើសេវាកម្មធនាគារដោយខ្លួនឯងបាន ២៤ម៉ោងលើ២៤ម៉ោង តាមតម្រូវការ ដូចជា ការដាក់ប្រាក់ ផ្ទេរប្រាក់ ឬបើកគណនី ជាដើម ។
គួរកត់សម្គាល់ថា ធនាគារ អេស៊ីលីដា មកដល់ពេលនេះ មានម៉ាស៊ីន អេធីអឹមសម្រាប់បំរើអតិថិជនទាំងយប់ថ្ងៃ ២៤/២៤ ចំនួន៧៩២ ម៉ាស៊ីនឆូតកាតចំនួន ៤,៣២១ម៉ាស៊ីន។ កាលពីដើមឆ្នាំ២០២១នេះ ធនាគារ អេស៊ីលីដា បានធ្វើទំនើបកម្មនិងអភិវឌ្ឍ អេស៊ីលីដាម៉ូបាល របស់ខ្លួន កាន់តែទំនើប មានពហុមុខងារច្រើនសម្បូរបែប ដែលធ្វើឲ្យអតិថិជនកាន់តែទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន និងងាយស្រួលប្រើ ដែលមកដល់ពេលនេះ អេបមួយនេះមានចំនួនអ្នកប្រើប្រាស់២លាននាក់ ៕
លោកអ្នកអាចស្វែងរកទីតាំងសេវាកម្មធនាគារស្វ័យប្រវត្តិទាំង១៣ទីតាំងដូចខាងក្រោម ៖
១- BSS (ផ្លូវកម្ពុជាក្រោម) (ចន្លោះពីស្តុបដេអិន ដល់ផ្លូវមុនីវង្ស)
២-BSS (ផ្លូវលេខ ២០០៤) (ចន្លោះពីស្តុប Nokia ដល់បុរីអរគីដេរ)
៣- BSS (ផ្លូវកម្ពុជាក្រោម) (ចន្លោះពីផ្លូវស្ពានអាកាស៧មករា ដល់ស្តុបសាលាសន្ធរម៉ុក)
៤- BSS (ផ្លូវទេពផន) (ចន្លោះពីកែងផ្សារដេប៉ូ ដល់សំណង់១២)
៥- BSS (ផ្លូវលេខ ១៦៣) (ចន្លោះពីផ្សារទួលទំពូង ដល់រង្វង់មូលផ្សារដើមថ្កូវ)
៦- BSS (ផ្លូវជាតិលេខ ២) (WB ចាក់អង្រែក្រោម)
៧- BSS (ផ្លូវលេខ ២០១១) (ម្តុំផ្សារឈូកមាស)
៨- BSS (ផ្លូវមុនីវង្ស) (ពីស្តុបពេទ្យចិន ដល់ស្តុបបឹងត្របែក
៩- BSS (GREEN COMMUNITY MALL)
១០- BSS (CAMKO)
១១- BSS (វិថីស៊ីវត្ថា (ស្របផ្លូវ ២ធ្នូ)(ខេត្តសៀមរាប)
១២- BSS (ផ្លូវមាត់ទន្លេ) (ចន្លោះពីផ្សាររាត្រី ដល់ស្តុបវត្តឧណ្ណាលោម)
១៣- BSS (ផ្លូវលេខ ៣១០) (ចន្លោះពីស្តុបអនុវិទ្យាល័យទួលស្លែង ដល់ផ្លូវមុនីវង្ស)