ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជ្ជទី១ ដែលបានចុះបញ្ជីលក់មូលបត្រក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងក្រុមហ៊ុន តូតាល់កម្ពុជានៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងដៃគូ ស្តីពីការបម្រើសេវាទូទាត់វិក្កយបត្រតាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី។
ការចាប់ដៃគូរនេះ នឹងផ្តល់មធ្យោបាយក្នុងការទូទាត់តាមបែបឌីជីថល ប្រកបដោយសុវត្ថិភាព សាមញ្ញ និងមានប្រសិទ្ធភាពខ្ពស់។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនតូតាល់កម្ពុជា ដែលជាសាខារបស់ក្រុមហ៊ុនTotalEnergies ជាក្រុមហ៊ុនថាមពលដ៏ធំមួយ ផលិត និងផ្គត់ផ្គង់ថាមពលលើសាកលលោក បានរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងដៃគូស្តីពីសេវា ទូទាត់វិក្កយបត្រ តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី ជូនដល់អតិថិជនទូទៅ និង សាធារណជន សម្រាប់ការទូទាត់ជាមុន (ចំពោះអតិថិជនដែលប្រើប្រាស់ប័ណ្ណសមាជិក) ព្រមទាំងអតិថិជន លក់ដុំ និងលក់រាយទាំងអស់ របស់ក្រុមហ៊ុន តូតាល់កម្ពុជា ដូចជា ការទូទាត់នៅតាមបញ្ជរធនាគារ អេស៊ីលីដា ភីអិលស៊ី ការទូទាត់ប្រាក់តាមរយៈអេស៊ីលីដាម៉ូបាល និងការទូទាត់ប្រាក់តាមរយៈអេស៊ីលីដាអ៊ីនធើណែត។
លោកបណ្ឌិត ក៏បានបន្ថែមទៀតថា ក្នុងឆ្នាំ២០០៥ ក្រុមហ៊ុនតូតាល់កម្ពុជា បានបើកគណនី សេវាប្រមូលសាច់ប្រាក់ (Cash Collection) ជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី។ ចាប់ពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ក្រុមហ៊ុន តូតាល់កម្ពុជា បានពង្រីកការទូទាត់តាមម៉ាស៊ីន POS របស់ធនាគារ អេស៊ីលីដា រហូតដល់ ៥៩ ស្ថានីយ។
លោកបណ្ឌិត អ៊ិន ចាន់នីបានមានប្រសាសន៍យ៉ាងដូច្នេះថា៖«ដោយយល់ឃើញពីសារៈសំខាន់ និងសេចក្តីត្រូវការរបស់អតិថិជន ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនតូតាល់កម្ពុជា បានសហការគ្នាពង្រីក និងបន្ថែមមធ្យោបាយទូទាត់ តាមរយៈអេស៊ីលីដាម៉ូបាល ដែលជាជម្រើសទាន់សម័យ ដើម្បីបម្រើអតិថិជនទាំងអស់។ សមាជិកប័ណ្ណតូតាល់កម្ពុជា ក៏អាចបញ្ចូលទឹកប្រាក់ក្នុងប័ណ្ណប្រេងឥន្ធនៈរបស់ពួកគេ តាមរយៈកម្មវិធីអេស៊ីលីដាម៉ូបាលផងដែរ»។
លើសពីនេះ ដៃគូចែកចាយ តូតាល់កម្ពុជា នឹងអាចទូទាត់វិក្កយបត្រ (Bill Payment) សម្រាប់ផលិតផល និង សេវាកម្ម តាមរយៈអេស៊ីលីដាម៉ូបាល ដោយភាពជឿជាក់ និងងាយស្រួល”។
ក្រុមហ៊ុន តូតាល់កម្ពុជា ផ្តល់ជូននូវផលិតផល និងសេវាកម្ម នៅតាមស្ថានីយជាង១០០ កន្លែង សម្រាប់ការចាក់ប្រេងឥន្ធនៈ (ប្រេងសាំង និងម៉ាស៊ូត) ដែលមានហាងទំនេញ ជាង ៥២ កន្លែង (ហាង Bonjour) ប្រេងឥន្ធនៈ ឧស្សាហកម្ម ប្រេងសាំងអាកាសចរណ៍ និងប្រេងម៉ាស៊ីន។
លើសពីនេះ កាត TotalEnergies ជាមធ្យោបាយ ដ៏ងាយស្រួលក្នុងការជាវ និងគ្រប់គ្រងការជាវប្រេងឥន្ធនៈ។ ក្រុមហ៊ុន តូតាល់កម្ពុជា នៅ តែបន្តវិនិយោគលើទីតាំងស្តុកប្រេងស្តង់ដារខ្ពស់សម្រាប់ប្រេងឥន្ធនៈរថយន្ត និងប្រេងឥន្ធនៈអាកាសចរណ៍ផងដែរ។
«យើងក៏ផ្តល់សេវាកម្មចាំបាច់ផ្សេងៗ ដូចជា ការវិភាគប្រេង ការដំឡើងស៊ីទែន និងសេវាដឹកជញ្ជូនជូនអតិថិជនពាណិជ្ជកម្មរបស់យើងផងដែរ»។ នេះបើយោងតាមក្រុមហ៊ុនតូតាល់កម្ពុជា៕