ភ្នំពេញ៖ ធនាគារ “ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត” បានប្រកាសជាសាធារណៈ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ថា ខ្លួន បានសហការជាមួយក្រុមហ៊ុនវ៉េសស្ទឺន យូញៀន (WU) ដែលជាក្រុមហ៊ុនផ្ទេរប្រាក់ឆ្លងប្រទេសលំដាប់ពិភពលោក ដើម្បីដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ឆ្លងប្រទេស តាមរយៈ អេស៊ីលីដាម៉ូបាល ទៅកាន់បណ្តាញប្រតិបត្តិការជាង២០០ប្រទេសនៅទូទាំងសកលលោក។
ចាប់ពីពេលនេះតទៅ អតិថិជនដែលប្រើប្រាស់អេស៊ីលីដាម៉ូបាលអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ដល់ក្រុមគ្រួសារនៅក្រៅប្រទេសបានគ្រប់ពេលវេលាដោយពួកគាត់អាចធ្វើការផ្ទេរ និងទទួលប្រាក់ពីប្រទេសផ្សេងៗជាង ២០០ ប្រទេសនៅទូទាំងសកលលោក។
អតិថិជនដែលប្រើប្រាស់អេស៊ីលីដាម៉ូបាលអាចទទួលប្រាក់ចូលទៅក្នុងគណនីធនាគារអេស៊ីលីដា ឬគណនីវ៉លឡេតរបស់ពួកគេដោយគ្រាន់តែបញ្ចូលលេខសម្ងាត់ផ្ទេរប្រាក់ (Money Transfer Control Number“MTCN”) ទៅក្នុងអេស៊ីលីដាម៉ូបាល។ម្យ៉ាងវិញទៀត អតិថិជនក៏អាចទទួលសាច់ប្រាក់ដែលផ្ទេរជូនពួកគាត់នៅទីតាំងធនាគារអេស៊ីលីដាដែលនៅជិតបំផុត។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា“កិច្ចសហប្រតិបត្តិការរវាងធនាគារ អេស៊ីលីដា និងក្រុមហ៊ុន វ៉េសស្ទឺន យូញៀនផ្តល់នូវមធ្យោបាយយ៉ាងឆាប់រហ័ស មានភាពងាយស្រួល ប្រកបដោយទំនុកចិត្តក្នុងការផ្ទេរប្រាក់ទៅក្រៅប្រទេសតាមរយៈអេស៊ីលីដាម៉ូបាល បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
លោកបានថ្លែងបន្តទៀតថា៖តាមរយៈការដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ឆ្លងប្រទេសនេះ អតិថិជនអាចផ្ទេរប្រាក់ឆ្លងប្រទេស ហើយអ្នកទទួលប្រាក់អាចដកសាច់ប្រាក់នៅទីតាំងដែលបម្រើសេវាផ្ទេរប្រាក់ វ៉េសស្ទឺន យូញៀននៅទូទាំងសកលលោក។ អតិថិជនដែលប្រើប្រាស់អេស៊ីលីដាម៉ូបាល មានជម្រើសច្រើនក្នុងការផ្ទេរប្រាក់ រួមមានការផ្ទេរប្រាក់ទៅក្នុងគណនីធនាគារ និងគណនីវ៉លឡេតអេស៊ីលីដា”។
លោក អ៊ិន ចាន់នី បានបន្ថែមថា៖«កិច្ចសហប្រតិបត្តិការនេះគឺមានសារៈសំខាន់ខ្លាំងណាស់ ដោយផ្សារភា្ជប់អតិថិជនទៅនឹងឱកាស ដើម្បីផ្តល់នូវដំណោះស្រាយក្នុងការចាត់ចែងសាច់ប្រាក់របស់ពួកគាត់តាមមធ្យោបាយដែលអតិថិជនមានតម្រូវការប្រើប្រាស់សាច់ប្រាក់”។
លោកJeffrey Navarroប្រធានប្រចាំប្រទេសហ្វីលីពីន ម៉ាឡេស៊ីប៊្រុយណេ និងឥណ្ឌូចិន របស់ក្រុមហ៊ុន វ៉េសស្ទឺន យូញៀនបានមានប្រសាសន៍ថា៖«ស្ថាប័នយើងរីករាយក្នុងការបម្រើសេវាផ្ទេរប្រាក់វ៉េសស្ទឺន យូញៀនតាមរយៈ អេស៊ីលីដាម៉ូបាល ដោយផ្តល់ជូននូវដំណោះស្រាយបែបឌីជីថលជូនដល់អតិថិជន និងសាធារណជនអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ដោយខ្លួនឯងបាន»។
លោកថា ក្រុមហ៊ុន វ៉េសស្ទឺន យូញៀន បានពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនជាង ២០០ ប្រទេសនៅទូទាំងសកលលោកហើយតាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងបន្តបង្កើនសមត្ថភាពឌីជីថលរបស់យើង ដើម្បីទទួលបានអតិថិជនកាន់តែច្រើន និងធ្វើឲ្យពួកគាត់ភ្ជាប់ទំនាក់ទំនងជាមួយសេដ្ឋកិច្ចឌីជីថលបានយ៉ាងទូលំទូលាយ”។
ធនាគារអេស៊ីលីដា ភីអិលស៊ីមានទ្រព្យសកម្មសរុបចំនួនជាង៨,១៦ប៊ីលានដុល្លារអាមេរិកសមតុល្យឥណទានសរុបចំនួន៥,៧៩ប៊ីលានដុល្លារអាមេរិកនិងប្រាក់បញ្ញើសន្សំសរុបចំនួន៥,៩០ពាន់លានដុល្លារអាមេរិកនិងមានអតិថិជនប្រមាណជាង៣,៤៤លាននាក់គិតត្រឹមដំណាច់ខែមីនាឆ្នាំ២០២២នេះ៕