ភ្នំពេញ៖ ធនាគារ អេស៊ីលីដាភីអិលស៊ី បានទទួលពានរង្វាន់ «ហិរញ្ញប្បទានសហគ្រាសធុនតូចនិងមធ្យមសកលលោក ឆ្នាំ២០២២ជាស្ថាប័នដែលផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូចនិងមធ្យម ប្រចាំឆ្នាំ» ក្នុងវេទិកាហិរញ្ញប្បទានសហគ្រាសធុនតូចនិងមធ្យមសកលលោកលើកទី៩ដែលប្រព្រឹត្តិទៅពីថ្ងៃទី១៩ដល់ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២២នៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជាដែលរៀបចំឡើងដោយស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងសហការរៀបចំដោយធនាគារជាតិនៃកម្ពុជាក្នុងគោលបំណងពង្រីកនូវលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូចនិងមធ្យមទូទាំងសកលលោក។
ធនាគារអេស៊ីលីដា ភីអិលស៊ី មានមោទនភាពយ៉ាងក្រៃលែង ដែលបានទទួលពានរង្វាន់“ហិរញ្ញប្បទានសហគ្រាសធុនតូចនិងមធ្យមសកលលោក ឆ្នាំ២០២២ជាស្ថាប័នដែលផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូចនិងមធ្យម ប្រចាំឆ្នាំ”។ ទាំងនេះសបញ្ជាក់ថាធនាគារបានខិតខំប្រឹងប្រែងក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។លើសពីនេះទៅទៀត សមិទ្ធផលនេះ ជាការបង្ហាញពីកំណើនឥណទានដល់សហគ្រាសធុនតូច និងមធ្យម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះព្រមទាំងការបម្រើផលិតផល សេវាកម្មផ្សេងទៀត សម្រាប់សហគ្រាសធុនតូច និងមធ្យម ផងដែរ។
ធនាគារអេស៊ីលីដា ភីអិលស៊ី ផ្តល់ជូននូវផលិតផល និងសេវាកម្មដ៏សម្បូរបែប ដើម្បីបំពេញតម្រូវការលើគ្រប់វិស័យដែលកំពុងរីកចម្រើន រួមមានសហគ្រាសធុនតូច និងមធ្យម និងអតិថិជនសាជីវកម្ម។ ធនាគារ អេស៊ីលីដា បានផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យមប្រមាណ ៨០%នៃប្រាក់កម្ចីសរុបរបស់ធនាគារ។ឥណទានសរុបរបស់ធនាគារសម្រាប់សហគ្រាសធុនតូច និងមធ្យមបានកើនឡើងពី ៣,០៣ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ដល់ ៣,៥៣ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ហើយបន្ទាប់មកកើនឡើងដល់ ៤,២៤ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១៕