ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានប្រកាសជាសាធារណៈនៅថ្ងៃទី១៥ ខែមិថុនានេះថា អំពីការសហការ ជាមួយMoneyGram Payment System, Inc.(ម៉ាន់នីក្រាម) ដែលជាក្រុមហ៊ុនឈានមុខមួយក្នុងការទូទាត់បែបឌីជីថល។តាមរយៈកិច្ចសហការនេះ អតិថិជននៅកម្ពុជានាពេលបច្ចុប្បន្នអាចប្រើ អេស៊ីលីដាម៉ូបាលអ៊ែប ដើម្បីផ្ញើ និងទទួលប្រាក់តាមរយៈបណ្តាញប្រតិបត្តិការរបស់ក្រុមហ៊ុនជាង២០០ប្រទេសទូទាំងសកលលោកតាមរយៈម៉ាន់នីក្រាមដែលជាប្រព័ន្ធទូទាត់ជាសាកល បានយ៉ាងងាយស្រួល និងឆាប់រហ័ស។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អេស៊ីលីដា គោលបំណងសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីផ្តល់ភាពងាយស្រួលជូនអតិថិជនក្នុងការធ្វើប្រតិបត្តិ គឺ១. ផ្ញើប្រាក់ពីកម្ពុជាទៅកាន់បរទេស៖ ដោយការប្រើអេស៊ីលីដាម៉ូបាលអ៊ែបមានភាពងាយស្រួល អតិថិជននៅកម្ពុជានាពេលបច្ចុប្បន្ន អាចផ្ទេរប្រាក់ទៅឱ្យក្រុមគ្រួសារ និងមិត្តភ័ក្តនៅជុំវិញពិភពលោក។ អ្នកទទួលអាចទទួលប្រាក់នៅតាមទីតាំងរបស់ភ្នាក់ងារម៉ាន់នីក្រាម ឬអាចទទួលប្រាក់ដោយផ្ទាល់ នៅក្នុងគណនីធនាគារ ឬម៉ូបាលវល្លែត។
២.ទទួលប្រាក់នៅកម្ពុជា៖ សម្រាប់ការផ្ទេរប្រាក់ពីបរទេសចូលមកកម្ពុជា អតិថិជននាពេលបច្ចុប្បន្នអាចបញ្ចូលលេខសម្ងាត់ម៉ាន់នីក្រាមទៅក្នុងអេស៊ីលីដាម៉ូបាលអ៊ែប ដើម្បីទទួលប្រាក់។ និង ទី៣. សម្រាប់ពេលអនាគតការផ្ញើប្រាក់ និងការទទួលប្រាក់នៅតាមសាខាក្នុងស្រុក នៅកម្ពុជា៖ កិច្ចសហការនេះផ្តល់មធ្យោបាយសម្រាប់លទ្ធភាពនាពេលអនាគត ដូចជា អនុញ្ញាតឱ្យអតិថិជន ដើម្បីផ្ញើប្រាក់ និងទទួលប្រាក់នៅតាមបណ្តាសាខាធនាគារ អេស៊ីលីដា នៅកម្ពុជា។
លោក Vijay Raj Poduvalនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌូចិន ក្រុមហ៊ុនម៉ាន់នីក្រាម បានមានប្រសាសន៍ថា៖«ពួកយើងមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះកិច្ចសហការជាមួយធនាគារ អេស៊ីលីដានិងការពង្រីកប្រតិបត្តិការនិងការធ្វើបរិយាបន្នហិរញ្ញវត្ថុដល់អតិថិជននៅកម្ពុជា»។
លោកបានបន្តថា៖«ការដាក់ឱ្យដំណើរការសមត្ថភាពផ្ទេរប្រាក់ជាអន្តរជាតិឈានមុខគេរបស់ពួកយើងតាមរយៈអេស៊ីលីដាម៉ូបាលអ៊ែប ស្របតាមយុទ្ធសាស្ត្ររបស់ពួកយើងដើម្បីផ្តល់ជូនអតិថិជននូវជម្រើសឌីជីថលបន្ថែមទៀត»។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថាកិច្ចសហប្រតិបត្តិការរវាងធនាគារ អេស៊ីលីដា និងក្រុមហ៊ុនម៉ាន់នីក្រាមបានផ្តល់នូវមធ្យោបាយឆាប់រហ័ស ងាយស្រួល ប្រកបដោយទំនុកចិត្តក្នុងការផ្ទេរប្រាក់ទៅបរទេស តាមរយៈអេស៊ីលីដាម៉ូបាល ដើម្បីទូទាត់ថ្លៃទំនិញ ឬថ្លៃសាលា ឬជូនគ្រួសារ បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
លោកបានថ្លែងថា អតិថិជន និងសាធារណជនអាចផ្ទេរប្រាក់ចូលក្នុងគណនីធនាគារនៅបរទេស ឬដកប្រាក់នៅតាមបណ្តាញប្រតិបត្តិការរបស់ក្រុមហ៊ុនជាង២០០ប្រទេសទូទាំងសកលលោក។ បន្ថែមលើនេះ អតិថិជន និងសាធារណជនអាចផ្ទេរប្រាក់ដោយផ្ទាល់ចូលក្នុងគណនីនៅធនាគារ អេស៊ីលីដា និងដកប្រាក់នៅតាមបញ្ជរសាខាណាមួយរបស់ធនាគារ អេស៊ីលីដា ដោយប្រើលេខសង្ងាត់៨ខ្ទង់ និងអត្តសញ្ញាណបណ្ណ។
លោកបានបន្ថែមទៀតថា៖« កិច្ចសហប្រតិបត្តិការនេះ នឹងជួយឱ្យអតិថិជន ដៃគូអាជីវកម្ម និងសាធារណជន អាចផ្ទេរប្រាក់ឆ្លងប្រទេសបានភ្លាមៗ យ៉ាងងាយស្រួល តាមរយៈអេស៊ីលីដាម៉ូបាល ដែលនេះជាជំហានដ៏សំខាន់មួយ ដើម្បីជាជំនួយដល់អតិថិជន ដៃគូអាជីវកម្ម និងសាធារណជន ក្នុងការគាំទ្រអាជីវកម្ម និងជីវិតប្រចាំថ្ងៃរបស់ពួកគាត់»។
គិតមកដល់បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង៨,១៦ប៊ីលានដុល្លារអាមេរិកសមតុល្យឥណទានសរុបចំនួន៥,៧៩ប៊ីលានដុល្លារអាមេរិកនិងប្រាក់បញ្ញើសន្សំសរុបចំនួន៥,៩០ពាន់លានដុល្លារអាមេរិកនិងមានអតិថិជនប្រមាណជាង៣,៤៤លាននាក់គិតត្រឹមដំណាច់ខែមីនាឆ្នាំ២០២២នេះ៕