ភ្នំពេញ៖ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាំង LiKeqiang បានយល់ព្រមទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនក្នុងការនាំចូលផលិតផលត្រីប្រាកម្ពុជាមកទីផ្សារចិន ក្រុមអ្នកជំនាញចិនបានធ្វើការការសិក្សានិងវិភាគហានិភ័យលើតាមរយៈវីដេអូចម្ងាយរួចរាល់ហើយកាលពីពេលថ្មីៗនេះដែលគ្រោងនឹងនាំចេញទៅកាន់ទីផ្សារចិនឆាប់ៗនេះ។
បើយោងតាមលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានថ្លែងក្នុងពិធីសម្ពោធផ្លូវនៅខេត្តព្រៃវែងកាលពីពេលថ្មីៗនេះថា ក្រោយពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានជួបគ្នានិងសម្រេចលើការនាំចូលត្រីប្រាពីកម្ពុជាទៅចិននោះ ក្រុមការងារជំនាញរបស់ចិនក៏បានធ្វើការសិក្សាត្រួតពិនិត្យគុណភាពតាមរយះវីដេអូកាលពីពេលថ្មីៗនេះ។
លោក បានលើកឡើងថា៖ «ការសម្រេចនេះ គឺ ដើម្បីអនុវត្តតាមកុងសុងស៊ីសក្នុងកិច្ចប្រជុំតាមរយៈវីឌីអូរវាងលោកនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាំង LiKeqiangនិងសម្តេចតេជោ កាលពីពេលកន្លងទៅថ្មីៗនេះ»។
លោកបានបន្ថែមថា តាមរយៈការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ(RCEP)ដែលមានការចូលរួមពីភាគីចិននិងកម្ពុជា ការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជានឹងបញ្ចេញថាមពលកាន់តែខ្លាំងក្លា។
ប្រធានសមាគមវារីវប្បកម្មកម្ពុជា លោក សុខ រ៉ាដែន សាទរចំពោះដំណឹងល្អ ដែលភាគីចិនបានសម្រេចចិត្តនាំចូលត្រីប្រាពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ជាទីផ្សារដ៏ធំមួយសម្រាបើផលិតផលកសិកម្មកម្ពុជាប៉ុន្តែក៏មានការព្រួយបារម្ភពីបញ្ហាប្រឈមមួយចំនួនដូចជា ស្តង់ដាគុណភាព សុវត្ថិភាព បរិមាណ និងតម្លៃជាដើម។
លោកបានមានប្រសាសន៍ថា៖«បើសិនជាត្រីប្រាកម្ពុជា អាចនាទៅកាន់ទីផ្សារប្រទេសចិនឆាប់នេះពិតមែន នោះជាដំណឹងល្អមួយសម្រាប់កម្ពុជា ជាពិសេសកសិករចិញ្ចឹមត្រីប្រាទាំងអស់។ទន្ទឹមនឹងដំណឹងល្អនេះដែរ លោកក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនផងដែរ ទាក់ទងនឹងការចំណាយថ្លៃដើមក្នុងការចិញ្ចឹម»។
លោកសុវណ្ណបានមានប្រសាសន៍ថា តម្លៃត្រីប្រាចិញ្ចឹមក្នុងស្រុក បានធ្លាក់ថ្លៃពី៥០០០រៀល មកនៅត្រឹមជាង៤០០០រៀលក្នុងមួយគីឡូក្រាម ចាប់តាំងពីផ្ទុះកូវីដ១៩មក រហូតដល់បច្ចុប្បន្ននេះ ៕