ឧត្តរមានជ័យ៖ ស្រុកអន្លង់វែងជាទីតាំងដ៏ពិសេស និងគួរឱ្យចាប់អារម្មណ៍មួយ ដែលនៅជាប្រធានបទសម្រាប់ការពិភាក្សាវែកញែក ដោយសារតែប្រវត្តិសាស្ត្ររបស់ខ្លួន។ អន្លង់វែងបានក្លាយជាស្រុកចុងក្រោយគេបង្អស់ដែលធ្វើសមាហរណកម្មចូលក្នុងរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ១៩៩៨ បន្ទាប់ពី ឈិត ជឿន ហៅ (តា ម៉ុក) អតីតមេដឹកនាំខ្មែរក្រហម បានគ្រប់គ្រងតំបន់នេះចាប់តាំងពីឆ្នាំ១៩៨៩។ តាម៉ុកធ្លាប់ជាប្រធានភូមិភាគនិរតីរបស់របបខ្មែរក្រហម ដែលមានឈ្មោះជាផ្លូវការថា “កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)”។ របបនេះត្រូវបានជឿថាទទួលខុសត្រូវចំពោះការស្លាប់ប្រជាជនជិត២លាននាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។
នៅក្នុងពេលដែលតា ម៉ុកគ្រប់គ្រងស្រុកអន្លង់វែង អំណាចរបស់តាម៉ុក រីកដុះដាលកាន់តែខ្លាំងឡើង ហើយប្រជាជនស្រុកអន្លង់វែងមានសេចក្តីគោរពចំពោះតាម៉ុកយ៉ាងខ្លាំង។ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនរបស់គាត់ តា ម៉ុក បានចំណាយពេលជាច្រើនខែក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលបានក្លាយជាកេរ្តិ៍ដំណែលនៃសម័យកាលដែល តា ម៉ុក កាន់អំណាចនៅស្រុកអន្លង់វែង (១៩៨៩-១៩៩៨)។ សព្វថ្ងៃនេះ អតីតផ្ទះតាម៉ុក គឺជាតំបន់ប្រវត្តិសាស្ត្រមួយ ក្នុងចំណោមតំបន់ប្រវត្តិសាស្ត្រស្រុកអន្លង់វែងទាំង១៤ ដែលត្រូវបានកំណត់នៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបានប្រែក្លាយទៅជាសារមន្ទីរនៅដើមឆ្នាំ២០០០។ នៅពេលធ្វើដំណើរដល់ស្រុកអន្លង់វែង ភ្ញៀវទេសចរកម្រខកខានឱកាសក្នុងការចូលទៅទស្សនា “សារមន្ទីរប្រវត្តិសាស្ត្រអន្លង់វែង” ដែលធ្លាប់ជាផ្ទះរបស់តាម៉ុកនេះណាស់។
បច្ចុប្បន្ន មានពិព័រណ៌រូបថត១០០សន្លឹកបានដាក់តាំងបង្ហាញជូនសាធារណជននៅក្នុងសារមន្ទីរប្រវត្តិសាស្ត្រអន្លង់វែង ដែលរូបថតនីមួយៗ បាននឹងកំពុងពាំនាំនូវរឿងរ៉ាវដ៏ច្រើនអនេកស្តីពីអតីតកាលដ៏អន្ធការរបស់ប្រទេសកម្ពុជា និងបម្រើឱ្យការចងចាំនិងការអប់រំ ដែលអាចជួយលើកកម្ពស់ការយល់ដឹង និងបង្កើតបានជាការឆ្លុះបញ្ចាំងដ៏ស៊ីជម្រៅចំពោះសម័យកាលនោះ៕
(ប្រវត្តិ និងរូបភាព៖ មជ្ឈមណ្ឌលឯកសារកម្ពុជា)