ភ្នំពេញ៖ ប្រធាននិយ័តករមូលបត្រកម្ពុជាបានលើកទឹកចិត្តដល់សហគ្រាសធុនតូចនិងមធ្យម(SME) នៅកម្ពុជាធ្វើការពិចារណាបោះផ្សាយមូលបត្រកម្មសិទ្ធនៅលើផ្សារមូលបត្រកម្ពុជាដែលជាជម្រើសហិរញ្ញប្បទានថ្មីរយះពេលវែងដើម្បីប្រមូលទុនយកទៅធ្វើការពង្រីកអាជីវកម្មរបស់ខ្លួន។
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានថ្លែងនៅក្នុងសិក្ខាសាលា ស្តីពី ជម្រើសហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ថា វិស័យ SME តែងតែមានបញ្ហាប្រឈមជាច្រើន ហើយបញ្ហាដែលចម្បងជាងគេនោះគឹកង្វះទុនដើម្បីយកទៅពង្រីកអាជីវកម្មរបស់ខ្លួន។ លោកថា ផ្សារមូលបត្រគឺជាជម្រើសមួយដ៏សក្តិសមដែលអនុញ្ញាតដល់ SME អាចធ្វើការគៀងគរទុនប្រកបដោយនិរន្តភាព។
លោកបានបញ្ជាក់ថា ៖« ជាមួយនិងការបោះផ្សាយលក់មូលបត្រជាសាធារណៈគឺនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ SMEs ដែលមិនត្រឹមតែជាប្រភពទុនថ្មីមិនចេះរីងស្ងួតប៉ុណ្ណោះទេ ប៉ុន្តែជាមួយនិងការចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជាក៏ជួយកសាងកេរ្តិ៍ឈ្មោះ និងជួយពង្រឹងអភិបាលកិច្ចដល់ក្រុមហ៊ុនទៀតផង។ »។
លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងដែរថាបច្ចុប្បន្ន លោកបានចុះបញ្ជីក្រុមហ៊ុន Telcotech ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើន របស់ Royal Group ដោយបានបោះផ្សាយមូលបត្របំណុល 20 លានដុល្លារ ជាមួយនឹងការធានាពី Credit Guarantee and Investment Facility(CGIF) ក្នុងអត្រាប័ណ្ណគឺ 4.5% ក្នុងមួយឆ្នាំ ហើយមានកាលកំណត់គឺ 5 ឆ្នាំ។
លោកបន្ថែមថា៖« តាំងនាមសភាពាណិជ្ជកម្មកម្ពុជា ខ្ញុំសូមលើកទឹកចិត្តអ្នកទាំងអស់គ្នាឱ្យពិចារណារប្រមូលទុនសប្រាក់តាមរយៈទីផ្សារមូលធន ទោះជាមានឧបសគ្គមួយចំនួនដែលត្រូវដោះស្រាយមែន ប៉ុន្តែកុំបារម្ភ ព្រោះយើងមាននិយតករមូលបត្របានគាំទ្រខ្លាំង លើការងារននេះ ហើយទីផ្សារមូលធនគឺជាកន្លែងដ៏ល្អមួយសម្រាប់ដាក់ប្រាក់របស់អ្នក ជាពិសេសការវិនិយោគរយៈពេលវែង»៕