ស្ទឹងត្រែង ៖ ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រធានក្រុមការងារសកម្មភាពជន ពិការក្រសួងទេសចរណ៍ បានថ្លែងថា វិស័យពិការភាពបានក្លាយជាការងារអាទិភាពមួយត្រូវ បានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើកកម្ពស់យ៉ាងខ្លាំង ដោយបានបញ្ចូលទៅគ្រប់វិស័យផ្សេងៗ រួមទាំងការអប់រំ សុខាភិបាល ទេសចរណ៍ ការងារនិងវិជ្ជាជីវៈ លទ្ធភាពទទួលបានការគាំពារសង្គម ជីវិត វប្បធម៌ ការកម្សាន្ត កីឡា និងយេនឌ័រ ក្នុងន័យធានាបានថាជនមានពិការភាពអាចទទួលបានឱកាស និងការលើកទឹកចិត្តជួយជ្រោមជ្រែង ដើម្បីទទួលបានគុណតម្លៃពីការអភិវឌ្ឍន៍ និងការទទួលស្គាល់ដោយពេញមុខពេញមាត់នៅក្នុងសង្គម។
ការថ្លែងបែបនេះរបស់លោក ហោ សារុន បានធ្វើឡើងក្នុងពិធីបើក សិក្ខាសាលា ស្តីពី «ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាពតាមរយៈការលើកកម្ពស់កំណើនការងារក្នុងវិស័យទេសចរណ៍» ដែលសហការរៀបចំដោយ ក្រុមការងារសកម្មភាពជនមានពិការភាពក្រសួងទេសចរណ៍ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជនពិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាខេត្តស្ទឹងត្រែង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ។
មន្ត្រីជាន់ខ្ពស់រូបនេះ បានលើកឡើងថា ជនពិការទទួលបានឱកាសការងារ លើកទឹកចិត្តដល់ជនមានពិការភាពដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារ តួនាទី និងការទទួលខុសត្រូវក្នុងមុខតំណែងចូលបម្រើការងារ លើកកម្ពស់សេចក្តីថ្លៃថ្នូរ សុខុមាលភាព និងសិទ្ធិរបស់ជនមានពិការភាពកម្ពុជា តាមរយៈការទទួលស្គាល់សមត្ថភាពជនមានពិការភាព ប្រសើរជាងការមើលឃើញតែពិការភាពរបស់ជនពិការ និងចូលរួមបំពេញនូវកាតព្វកិច្ចរបស់កម្ពុជា ជាហត្ថលេខីនៃអនុសញ្ញាដែលទាក់ទងសិទ្ធិមនុស្ស និងសិទ្ធិជនពិការ។
លោក បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមជារដ្ឋហត្ថលេខីនៃអនុសញ្ញាដែលទាក់ទងសិទ្ធិមនុស្ស និងសិទ្ធិជនពិការ កម្ពុជាតែងតែយកចិត្តទុកដាក់ជាប្រចាំក្នុងការលើកកម្ពស់វិស័យពិការភាពដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនលើគ្រប់វិស័យ ។
វិស័យពិការភាពបានក្លាយជាការងារអាទិភាពមួយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើកកម្ពស់យ៉ាងខ្លាំង ដោយបានបញ្ចូលទៅគ្រប់វិស័យផ្សេងៗរួមទាំងការអប់រំ សុខាភិបាល ទេសចរណ៍ ការងារនិងវិជ្ជាជីវៈ លទ្ធភាពទទួលបានការគាំពារសង្គម ជីវិត វប្បធម៌ ការកម្សាន្ត កីឡា និងយេនឌ័រ ក្នុងន័យធានាបានថាជនមានពិការភាពអាចទទួលបានឱកាស និងការលើកទឹកចិត្តជួយជ្រោមជ្រែង ដើម្បីទទួលបានគុណតម្លៃពីការអភិវឌ្ឍន៍ និងការទទួលស្គាល់ដោយពេញមុខពេញមាត់នៅក្នុងសង្គម»។
លើសពីនេះទៀត ក៏មានការកំណត់ជ្រើសរើសជនមានពិការភាពដើម្បីធ្វើការក្នុងអត្រា ១% នៃចំនួនកម្មករនិយោជិតសរុបនៃផ្នែកឯកជន និងអត្រា ២% នៅតាមក្រសួងស្ថាប័នរដ្ឋ។
លោក ហោ សារុន បានបន្ថែមថា នៅក្នុងបរិបទនៃការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ១៩ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា ត្រូវបានដឹកនាំបញ្ជា និងដាក់ចេញយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយផ្ទាល់ពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសឈានមុខគេមួយដែលមានការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានល្អ និងបង្កើតភាពស៊ាំក្នុងសហគមន៍រឹងមាំតាមរយៈយុទ្ធសាស្ត្រចាក់វ៉ាក់សាំង «ផ្ការីក»។
ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងអភិវឌ្ឍន៍ទេសចរណ៍ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ (២០២០-២០២៥) ត្រូវបានសិក្សារៀបចំឡើង និងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ឱ្យអនុវត្តនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ឲ្យល្អប្រសើរឡើងវិញ និងពង្រឹងការចូលរួមចំណែកដល់សេដ្ឋកិច្ច និងសង្គម។ ផែនទីចង្អុលផ្លូវនេះចែកចេញជា០៣ដំណាក់កាលធំៗរួមមាន៖ ដំណាក់កាលទី១ ការគ្រប់គ្រងវិបត្តិក្នុងទម្លាប់ថ្មី និងរៀបចំផែនការសម្រាប់ការស្តារឡើងវិញ (២០២០-២០២១) ដំណាក់កាលទី២ ការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ១៩ (២០២២-២០២៣) និងដំណាក់កាលទី៣ ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា (២០២៤-២០២៥)។
ក្រោយការបើកទទួលទេសចរឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ក្នុងរយៈពេល០៩ខែដើម ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៩៩៨,២៧២នាក់ កើនឡើង ៧២០% ធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ តាមរយៈតួលេខនេះ យើងអាចព្យាករណ៍ថាក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពី ១,៥លានទៅ ២លាននាក់ ដែលនេះគឺជាក្តីសង្ឃឹមមួយក្នុងការឈានឆ្ពោះទៅរកភាពរីកចម្រើននៃវិស័យទេសចរណ៍ដូចមុនពេលមានវិបត្តិកូវីដ-១៩ កើតឡើង ជាពិសេសការបង្កើតឱកាសការងារដ៏សម្បូរបែបសម្រាប់ប្រជាជនកម្ពុជា ដែលក្នុងនោះរួមទាំងជនមានពិការភាពផងដែរ៕