ភ្នំពេញៈ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) នឹងរៀបចំ«វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១(AEEBF1)» ក្រោមអធិបតីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈវេទិកានេះត្រូវរំពឹងថា នឹងមានការចូលរួមយ៉ាងច្រើនពីសំណាក់ថ្នាក់ដឹកនាំ អ្នកស្រាវជ្រាវ អ្នកជំនួញ និងសាធារណជន ដើម្បីជាការចែករំលែកនូវចំណេះដឹងថ្មីៗពីការធ្វើពាណិជ្ជកម្មអន្តរជាតិប្រកបដោយនិរន្តររភាពក្នុងបរិបទថ្មីនៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងបដិវត្តឧស្សាហកម្ម ៤.០។
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នឹងរៀបចំឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មថ្លែងថា ក្រសួងពាណិជ្ជកម្មនឹងរៀបចំ «វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1)» ក្រោមមូលបទ «ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្ម ៤.០» ដែលនឹងប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ដើម្បីសម្រួលដល់អ្នកចង់ចូលរួមស្តាប់ក្នុងវេទិកានេះ ក្រសួងបានដាក់ឱ្យដំណើរការនូវគេហទំព័រចុះឈ្មោះតាមរយៈតំណររភ្ជាប់ https://aeebf.moc.gov.kh/ ផងដែរ។
លោក សុវិជាតិ បានមានប្រសាសន៍ថាប្រធានបទសំខាន់ៗ ដែលនឹងត្រូវលើកឡើងក្នុងវេទិកានេះមានដូចជា ការគាំទ្រប្រព័ន្ធពហុនិយម, ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)ដើម្បីជំរុញកំណើនការធ្វើពាណិជ្ជកម្ម, និងការធ្វើសេដ្ឋកិច្ចបៃតង ជាដើម។ វេទិកានេះធ្វើឡើងក្រោមកិច្ចសហការពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC), សភាពាណិជ្ជកម្មកម្ពុជា(CCC), មូលនិធិអាស៊ី-អឺរ៉ុប(ASEF), ស្ថាប័ន Bruegel និងដៃគូសហការជាច្រើនទៀត។
តាមការគ្រោងទុក ក្រសួងពាណិជ្ជកម្ម នឹងអញ្ជើញបណ្តាប្រទេសជាសមាជិក ASEM ចូលរួមវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ រួមមាន សមាជិកអាស៊ានទាំង១០ ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសែឡង់ ហុងគ្រី បារាំង អង់គ្លេស រុស្ស៊ី បែលហ្សិក អេស្តូនី និងបណ្តាប្រទេសដទៃទៀតមកពីអាស៊ីនិងអឺរ៉ុប ព្រមទាំងអ្នករៀបចំគោលនយោបាយ បញ្ញាវន្ត អ្នកជំនាញការ ប្រធានក្រុមហ៊ុនធំៗ ក្រុមធុរជន និងវិស័យឯកជនជាច្រើនមកពីអាស៊ី និងអឺរ៉ុប៕