ភ្នំពេញៈ អង្គការហេហ្វឺអន្តរជាតិកម្ពុជា(HEIFER International Cambodia)ប្រកាសជាផ្លូវការប្រគល់រថយន្តនិងរ៉ីម៉កកង់បីសរុប ២១ គ្រឿង និងសាងសង់ហេដ្ឋរចនាសម្ព័ន្ធមួយចំនួនទៀតដែលមានទឹកប្រាក់សរុបជិត ៥០ ម៉ឺនដុល្លារដល់សហគមន៍ចំនួន ២១ នៃគម្រោងកម្មវិធីស្តីពីសហគ្រាសកែច្នៃផលិតផលមាន់ស្រែខ្មែរសម្រាប់មោទនភាពជាតិកម្ពុជា។
ការផ្តួតផ្តើមគម្រោងដោយអង្គការហេហ្វឺអន្តរជាតិកម្ពុជាដែលមានរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០២១ ដល់ ឆ្នាំ ២០២៦ ក្នុងគោលបំណង ដើម្បីពន្លឿនការរីកលូតលាស់នៃផលិតកម្មមាន់ស្រែខ្មែរតាមរយៈការពង្រឹងអំណាចសហគមន៍ និងការអភិវឌ្ឍសមត្ថភាពស្ថាប័នសហគមន៍កសិកម្ម។
គម្រោងនេះក៏ជំរុញការវិនិយោគលើការកសាងសហគ្រាសកែច្នៃផលិតផលមាន់ស្រែខ្មែរ ការកសាងកសិដ្ឋានភ្ញាស់កូនមាន់ស្រែស្តង់ដារ និងការគាំទ្រវិនិយោគលើគ្រួសារកសិករឲ្យឈានទៅរកការបង្កើតសហគ្រាសកសិកម្មខ្នាតតូចនិងមធ្យម។
លោក ញ៉ែម សារ៉េត នាយកប្រចាំប្រទេស អង្គការហេហ្វឺអន្តរជាតិកម្ពុជា ថ្លែងក្នុងកម្មពិធីប្រគល់និងទទួល កាលពីថ្ងៃចន្ទថាអង្គការហេហ្វឺកម្ពុជាប្រគល់ជាផ្លូវការនូវយានយន្តចំនួន ៧ គ្រឿង និងរ៉ឺម៉កកង់បីចំនួន ១៤ គ្រឿងដល់សហគមន៍កសិកម្មចំនួន ២១ ដែលជាតម្រូវការបន្ទាន់សម្រាប់ការប្រកបអាជីវកម្មក្នុងកំឡុងពេលវិបតិ្តជំងឺកូវីដ១៩។ ក្រៅពីនេះ អង្គការហេហ្វឺអន្តរជាតិកម្ពុជាក៏នឹងប្រគល់ ផ្សារសហគមន៍ចំនួន ៥ កន្លែង ការិយាល័យសហគមន៍កសិកម្ម ៣ កន្លែង និងឃ្លាំងត្រជាក់ ២ កន្លែង ដើម្បីរួមចំណែកអនុវត្តក្នុងគម្រោងនេះ។
លោក សារ៉េត ថ្លែងទៀតថា៖«កម្មវិធីនេះនឹងផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់គ្រួសារកសិករប្រមាណជាង ៥៣ ៣០០ គ្រួសារ ក្នុងខេត្តចំនួន ១១ ដើម្បីឈានទៅរកបង្កើនប្រាក់ចំណូលបានច្រើនសម្រាប់គ្រួសារកសិករ និងរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនការផ្គត់ផ្គង់ស៊ុតមាន់ស្រែខ្មែរ កូនមាន់ស្រែខ្មែរ ការចិញ្ចឹមមាន់យកសាច់មាន់ស្រែខ្មែរ និងការកែច្នៃ និងវេចខ្ចប់សាច់មាន់ស្រែខ្មែរនៅក្នុងស្រុក ព្រមទាំងចូលរួមការកាត់បន្ថយការនាំចូលសាច់មាន់ពីប្រទេសជិតខាង ផងដែរ»។
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានថ្លែងក្នុងកម្មវិធីនេះថា គម្រោងនេះគឺសមស្របនិងមានលក្ខណៈជោគជ័យខ្ពស់ដោយសារផលិតផលមាន់ស្រែមានតម្រូវការខ្ពស់នៅលើទីផ្សារ ហើយកសិករចិញ្ចឹមមាន់មានជំនាញ និងបច្ចេកទេសខ្លះរួចមកហើយ។
លោកបានឱ្យដឹងទៀតថា ជំនួយនេះជាសក្ខីកម្មបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃអភិក្រម«រដ្ឋ-ដៃគូអភិវឌ្ឍន៍-វិស័យឯកជន និងសហគមន៍កសិកម្ម»ដែលស្របនឹងគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៥ របស់រដ្ឋាភិបាល។
លោក សារ៉េត អះអាងថា មធ្យោបាយដឹកជញ្ជូន និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រគម្រោងនេះមានទឹកប្រាក់សរុប ៤៩៣ ៣០២ ដុល្លារដែលមានការចូលរួមបដិភាគពីសហគមន៍កសិកម្មចំនួន ១២១ ៥៥៤ ដុល្លារ
(ចន្លោះប្រមាណពី២២% ទៅ ៣៣%ភាគរយ)។
បច្ចុប្បន្ននេះ អង្គការហេហ្វឺកម្ពុជាបានជួយដល់គ្រួសារកសិករចំនួន ៣៤ ៧៥៨ គ្រួសារ ក្រុមជួយខ្លួនឯងចំនួន ១ ២៨២ ក្រុម(ស្រ្តី ២៤ ៧៦៥ នាក់)និងសហគមន៍កសិកម្មចំនួន ៧៥ ក្នុងស្រុក ២៨ ក្នុងខេត្ត១១។
គិតមកត្រឹមខែមេសា ឆ្នាំ ២០២១ ប្រាក់សន្សំរបស់សហគមន៍កសិកម្មមានចំនួន ៣,៤ លានដុល្លារ(Amount of Saving in ACs)ប្រាក់ភាគហុនសរុបចំនួន ១,៣ លានដុល្លារ Amount of share capital in ACs)ដែលកំពុងវិនិយោគក្នុងខ្សែច្រវ៉ាក់កសិកម្មមាន់ស្រែ និងបន្លែសុវត្ថិភាព៕