ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ប្រកាសឱ្យសហគ្រាសធុនតូច និងមធ្យម ចុះឈ្មោះជាមុនចូលក្នុងផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (CambodiaTrade) ដែលក្រសួង និងស្ថាប័នដៃគូនានាទើបបង្កើតឡើងក្នុងគោលបំណងជួយពួកគេអាចតាំងលក់ផលិតផលនានាទាំងក្នុងស្រុកនិងក្រៅស្រុក។
បើតាមក្រសួងពាណិជ្ជកម្មបានប្រកាសនៅថ្ងៃទី៩ ខែមិថុនានេះ បានបានបញ្ជាក់ថា CambodiaTrade គឺជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce marketplace) ដែលប្រតិបត្តិការតាមរយៈគេហទំព័រ CambodiaTrade.com ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម។
ក្រសួងថា៖«ការបង្កើតផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនេះ គឺក្នុងគោលបំណងជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងការលក់ផលិតផលតាមប្រព័ន្ធអនឡាញដល់អតិថិជនសក្តានុពលទាំងក្នុងស្រុក និងទីផ្សារក្រៅស្រុក។
គួសបញ្ជាក់ថា ផ្សារនេះ ត្រូវបានបង្កើតឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (Enhanced Integrated Framework) ក្រោមគម្រោងអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា (Go4eCAM) ដែលមានគោលបំណងសំខាន់ក្នុងការជំរុញឱ្យទទួលបានអត្ថប្រយោជន៍ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់សហគ្រាសធុនតូច និងមធ្យម។
សម្រាប់ម្ចាស់សហគ្រាសធុនតូច និងមធ្យមដែលមានបំណងចង់លក់ផលិតផលនៅលើទីផ្សា ត្រូវ បំពេញតាមលក្ខន្តិកៈបីយ៉ាងដូចជា៖ ទី១. ជាក្រុមហ៊ុន ឬសហគ្រាសដែលបានចុះឈ្មោះជាផ្លូវការជាមួយក្រសួងពាណិជ្ជកម្ម ឬមានលិខិតអនុញ្ញាតប្រកបអាជីវកម្ម; ២. មានវិញ្ញាបនបត្រពន្ធប៉ាតង់ (Patent Certificate) និងលេខអត្តសញ្ញាណសារពើពន្ធ (VAT Certificate) ដែលមានសុពលភាព និង ទី៣. លក់ផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជា៕