ភ្នំពេញៈ បារាំងសន្យាថានឹងបង្កើនទំហំឥណទានសម្បទានរហូតដល់ ១២០ លានអឺរ៉ូក្នុង១ឆ្នាំដើម្បីចូលរួមចំណែកអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសក្នុងការជួយស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញក្រោយកូវីដ១៩។
លោកស្រី EVA Nguyen Binh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជាដែលនឹងផុតអាណត្តបានលើកឡើងក្នុងជំនួបកាលពីថ្ងៃទី ២១ មិថុនា រវាងលោករដ្ឋមន្ត្រីជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានថា រដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានសន្យាថា នឹងបង្កើនទំហំឥណទានសម្បទាន ចន្លោះពី ១០០-១២០ លានអឺរ៉ូ ក្នុង១ឆ្នាំ។
លោកស្រី EVA Nguyen Binh បានលើកឡើងក្នុងជំនួបនេះថា កិច្ចសហប្រតិបត្តិការនេះបានចូលរួមចំណែកដ៏សំខាន់ក្នុងការធ្វើប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលបានប្តេជ្ញាសម្រេចគោលដៅក្នុងការបង្កើនហិរញ្ញប្បទានសហប្រតិបត្តិការ ODA ឲ្យបាន ០,៥៥ ភាគរយនៃផសសនៅឆ្នាំ ២០២២ ដើម្បីចូលរួមអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសកម្ពុជា ដោយផ្តោតជាសំខាន់ទៅលើការបម្រែបម្រួលអាកាសធាតុស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥។
លោកស្រី ឱ្យដឹងថា៖ «ខ្ញុំពិតថាមានមោទនភាពដែលរាជរដ្ឋាភិបាលកម្ពុជាបង្កបរិយាកាសវិនិយោគដល់វិស័យឯកជនដ៏ល្អប្រសើរ និងលើកទឹកចិត្តវិនិយោគគិនបរទេស ពិសេស មកពីប្រទេសបារាំងឱ្យមកស្វែងយល់ផ្ទាល់ និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា»។
លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា រដ្ឋាភិបាលបារាំងក៏ថែមទាំងជួយគៀរគហិរញ្ញប្បទានឥតសំណងពីសហគមអ៊ឺរ៉ុប និងពីប្រភពផ្សេងទៀត ផងដែរ សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍន៍ និងស្តារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិកូវីដ១៩ តាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។
លោកឱ្យដឹងថា៖«ក្នុងឱកាសនេះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី EVA Nguyen Binh បានបំពេញបេសកកម្មការទូតនៅកម្ពុជា ក្នុងរយៈពេល ០៤ ឆ្នាំ ក្នងុការកសាងស្នាដៃនិងសមិទិ្ធផលជាច្រើនដើម្បីរួមចំណែកក្នុងសកម្មភាពអភិវឌ្ឍន៍ដល់សេដ្ឋកិច្ច-សង្គមកម្ពុជា ស្ទើរគ្រប់វិស័យ ពិសេសវិស័យសុខាភិបាល ទឹកស្អាត អគ្គិសនី កសិកម្ម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជា សម្រេចបាននូវគម្រោងវិនិយោគសាធារណៈជាច្រើន ផ្សេងទៀត»។
នៅឆ្នាំ ២០២០ AFD បានប្តេជ្ញាចិត្តជាមួយនឹងគម្រោងហិរញ្ញវត្ថុជាង ១២,១ ពាន់លានអឺរ៉ូសម្រាប់គម្រោងអភិវឌ្ឍន៍៕