ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជួន បានអំពាវនាវឲ្យប្រជាជនកម្ពុជា ត្រៀមខ្លួនងាកមកប្រើរថយន្តអគ្គិសនី (EV) ជំនួសរថយន្តដែលប្រើចំហេះឥន្ធន: ដែលមានការចំណាយខ្ពស់។
ការអំពាវនាវរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ:ការនិងដឹកជញ្ជួន បានធ្វើឡើងក្នងកម្មវិធីផ្សាយផ្ទាល់(LIVE) ក្រោមប្រធានបទ “ការប្រើប្រាស់យានយន្តអគ្គិសនី(EV) នៅកម្ពុជា” នៅថ្ងៃទី២៧ខែឧសភាឆ្នំា២០២២។
លោក ស៊ុន ចាន់ថុល បានអះអាងថា ក្រសួងសាធារណការ និងដឹកជញ្ចូន កំពុងសិក្សាស្តង់ដារថយន្តអគ្គិសនីសម្រាម់ការប្រើប្រាស់នៅកម្ពុជា និង បានសហការជាមួយវិស័យឯកជន គឺក្រុមហ៊ុនប្រេងឥន្ធន:នៅកម្ពុជា ក្នុងការដំឡើងស្ថានីយ៍សាកអាគុយឲ្យបានច្រើនកន្លែង ដើម្បីផ្តល់សេវាថាមពល។
លោក រដ្ឋមន្ត្រី បានលើកឡើងថា តាមការសិក្សារកន្លងមក ការប្រើរថយន្តអគ្គិសនីចំណេញ៣ដង លើការចណាយថ្លៃសាំង ដោយមិនទាន់រាប់បញ្ចូលរថយន្តអគ្គិសនីមានគ្រឿងបន្លាស់តិចត្រឹមប្រហែល២០មុខ ខណ:រថយន្តប្រើសាំងមានគ្រឿងបន្លាស់ប្រមាណ២០០០មុខ ដែលទាមទារការចំណាយខ្ពស់លើការថែទាំ។
លើសពីនេះ ពន្ធនិងអាករនាំចូលរថយន្តEVs ត្រូវបានអនុគ្រោះនៅត្រឹមតែ៦៣ភាគរយ ខណ:រថយន្តប្រើសាំង ជាប់ពន្ធអាករជាមធ្យម ១២០ភាគរយឯណោះ។
បច្ចុប្បន្ននេះ ក្រសួងសាធារណការនិងដឹកជញ្ជួន បានសហការជាមួយដៃគូអភិវឌ្ឍ មាន UNDP ក្នុងការដំឡើងស្ថានីយ៍សាកអាគុយរថយន្ត នៅភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តសៀមរាប៕