ភ្នំពេញៈ ធនាគារអេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍទីផ្សារមូលធននៅកម្ពុជា ជាពិសេសបានទាក់ទាញនូវវិនិយោគិនជាច្រើនចូលរួមក្នុងផ្សារមូលបត្រកម្ពុជា។ នេះបើយោងតាមការថ្លែងបញ្ជាក់របស់ លោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា។
លោក ស៊ូ សុជាតិ បាន ថ្លែងកាលពីថ្ងៃទី១៦ខែសីហា ក្នុងវគ្គបណ្តុះបណ្តាលស្តីពីវិនិយោគិនក្នុងវិស័យមូលបត្រ ស្តីពីការជំរុញការយល់ដឹងក្នុងវិស័យមូលបត្រ ដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារអេស៊ីលីដា ភីអិលស៊ីដែលមានអ្នកចូលរួមផ្ទាល់និងតាមប្រព័ន្ធអនឡាញរាប់រយនាក់។ លោកបានថ្លែងថា ធនាគារអេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធបានចូលរួមយ៉ាងសកម្មក្នុង ការអភិវឌ្ឍទីផ្សារមូលបត្រ ចាប់តាំងពីដំណាក់កាលដំបូងនៃការចាប់ផ្តើមទីផ្សារមូលបត្ររបស់កម្ពុជាដោយក្នុងនោះ ធនាគារ អេស៊ីលីដា បានទទួលស្គាល់ធ្វើជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រភ្នាក់ងារ បញ្ជីកាមូលបត្រ ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់ និងពេលនេះជាភ្នាក់ងារ រក្សាសុវត្ថិភាព ក្នុងវិស័យមូលបត្រ។
លោកបានថ្លែងថា៖« ធនាគារអេស៊ីលីដា ក៏បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈកាលពីក្នុង អំឡុងឆ្នាំ២០២០ដែលទោះបីជាកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ក៏ទីផ្សារមូលបត្រនៅតែបង្ហាញពីកំណើន និងការវិវឌ្ឍជាវិជ្ជមាន។ តាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារអេស៊ីលីដា បានធ្វើឱ្យទីផ្សាររបស់យើងមានកំណើនគួរឱ្យកត់សម្គាល់ទាំងកំណើនវិនិយោគិន ទំហំនិងតម្លៃជួញដូរ និងទំហំមូលធនូបនីយកម្មទីផ្សារ»។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា បានឱ្យដឹងថា ធនាគារអេស៊ីលីដា កំពុងបន្តរីកចម្រើនប្រកបដោយនិរន្តរភាព ដោយសារធនធានមនុស្សដ៏រឹងមាំ និងមានទំនួលខុសត្រូវខ្ពស់ក្នុងការអនុវត្តការងាររបស់ខ្លួនតាមការគ្រោងទុក ស្របតាមច្បាប់ បទប្បញ្ញត្តិ គោលការណ៍ និងក្រមសីលធម៌វិជ្ជាជីវៈស្របជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យា និងលក្ខខណ្ឌតម្រូវការងារ។
លោកថ្លែងថា៖ «ដូចយើងដឹងហើយថា ធនាគារអេស៊ីលីដា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈរបាយការណ៍ជាសាធារណៈ ដែលទើបចេញផ្សាយថ្មីៗនេះ ធនាគារយើងសម្រេចបានលទ្ធផល ល្អប្រសើររបស់ខ្លួននៅក្នុងឆមាសទី១ឆ្នាំនេះ។ របាយការណ៍របស់ក្រុមហ៊ុនចុះបញ្ជីត្រូវបានចេញផ្សាយ ជាសាធារណៈគឺពិតជាមានសារៈសំខាន់ និងត្រូវបានប្រើប្រាស់ជាធាតុផ្សំជាមូលដ្ឋានសម្រាប់វិនិយោគិនក្នុងការ សម្រេចចិត្តក្នុងការវិនិយោគលើមូលបត្រណាមួយតាមការយល់ឃើញដ៏រឹងមាំរបស់ពួកគេ»
គិតត្រឹមត្រីមាសទី២ឆ្នាំ២០២២ និយ័តករមូលបត្រកម្ពុជា បានផ្តល់លេខអត្តសញ្ញាណវិនិយោគិនសរុបចំនួន ៣២ ៣៧៤ ក្នុងនោះវិនិយោគិនជារូបវន្តបុគ្គលសរុបចំនួន៩៩,៥២ ភាគរយ និងវិនិយោគិនសញ្ជាតិខ្មែរមានចំនួន ៨៦,១២ ភាគរយ។ ទំហំមូលធនូបនីយកម្មទីផ្សារសរុបនៃទីផ្សារមូលបត្រកម្មសិទ្ធិមានតម្លៃប្រហែល១,៨៦ ពាន់លាន ដុល្លារ រីឯការជួញដូរភាគហ៊ុនក្នុងត្រីមាសទី២ឆ្នាំ២០២២ ក្នុងបរិមាណជាមធ្យម ប្រហែល៤៩៤ ៩៨៨ ភាគហ៊ុន (ក្នុងតម្លៃជាមធ្យមប្រហែល១,២៨ លានដុល្លារក្នុងមួយថ្ងៃ)៕