ភ្នំពេញៈ សណ្ឋាគារលំដាប់ផ្កាយ ៥ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញដែលមាន ទឹកប្រាក់វិនិយោគប្រមាណ១៨០លានដុល្លារបានបើកសម្ពោធជាផ្លូវការនាព្រឹកថ្ងៃពុធនេះដើម្បីស្វាគមន៍ភ្ញៀវទេចរជាតិ និងអន្តរជាតិ ។
សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញគឺជាសណ្ឋាគារប្រណីតលំដាប់ផ្កាយ ៥ ដ៏ធំមួយដែលស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក ជីប ម៉ុង ក្នុងទឹកប្រាក់សរុប ១៨០លានដុល្លារ។ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញសាងសង់លើផ្ទៃដី ៧ ០៣១ម៉ែត្រការ៉េ ដោយបានបើកការដ្ឋានសាងសង់កាលពីដើមឆ្នាំ២០១៧ និងបញ្ចប់ការសាងសង់ជាស្ថាពរកាលពីដើមឆ្នាំ២០២១។ សណ្ឋាគារនេះមានបន្ទប់ស្នាក់នៅ ២៤៧ ព្រមទាំងមានសេវាកម្មចម្រុះជាច្រើនដូចជា កន្លែងសម្រាកកម្សាន្ត ភោជនីយដ្ឋាន និងសាលប្រជុំដ៏ធំ និងទំនើប(Regency Ballroom)ជាដើម។
ក្រុមហ៊ុន ជីប ម៉ុង បានទិញម៉ាកយីហោ Hyatt Regency មកពីអាមេរិក។ សណ្ឋាគារ «Hyatt Regency» គឺជាពាណិជ្ជកម្មមួយរបស់ «Hyatt Hotels Corporation» ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកកំពុងប្រតិបត្តិការសណ្ឋាគារជាង ៩០០ទីតាំង ក្នុង៦៥ប្រទេស និងមានយីហោប្រណីតចំនួន ២១។
សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង លោក លាង ឃុន បានឱ្យដឹងថា ក្នុងឆ្នាំ២០១៦ ក្រុមហ៊ុន ជីប ម៉ុង បានបោះជំហានចូលក្នុងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចតាមរយៈការនាំយកយីហោសណ្ឋាគារលំដាប់អន្តរជាតិ «Hyatt Regency»ដ៏ល្បីរបស់អាមេរិកមកកាន់ប្រទេសកម្ពុជា។ សណ្ឋាគារ «Hyatt Regency» គឺជាពាណិជ្ជកម្មមួយរបស់ Hyatt Hotel Corporation ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកកំពុងប្រតិបត្តិការសណ្ឋាគារជាង ៩០០ទីតាំង ក្នុង៦៥ប្រទេស និងមានយីហោប្រណីតចំនួន ២១។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការសណ្ឋាគារ Hyatt Regency Phnom Penh កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ បានលើកឡើងថា ក្រៅពីអាចទាក់ទាញចំណាប់អារម្មណ៍អតិថិជនក្នុងស្រុក និងវិនិយោគិនអន្តរជាតិធំៗ សណ្ឋាគារនេះក៏អាចនឹងត្រូវប្រើប្រាស់ជាកន្លែងស្នាក់នៅសម្រាប់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសក្នុងតំបន់ ខណៈប្រទេសកម្ពុជានឹងត្រូវធ្វើជាប្រធានអាស៊ាន នៅក្នុងឆ្នាំ២០២២ ខាងមុខ៕