ភ្នំពេញៈសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហគ្រិនស្រ្តីកម្ពុជាបានចុះអនុស្សារណៈនៃកិច្ចព្រមព្រៀងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនិងលើកកម្ពស់ការយល់ដឹងលើការទទួលបានហិរញ្ញប្បទានរបស់សហគ្រិនជាស្រ្តី។
កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២១ អនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងសមាគមទាំង៣ខាងលើនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកគាំទ្រដល់ផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ លើកកម្ពស់ផលិតផលឥណទានប្រកបដោយនវានុវត្តន៍ តាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកទាក់ទងនឹងការបណ្តុះបណ្តាល ការរៀបចំព្រឹត្តិការណ៍ និងការរៀបចំសិក្ខាសាលារួមគ្នាដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងចំណោមសហគ្រិនស្ត្រី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង លោក អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជាថា អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ នឹងបង្ហាញពីសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរវាងសមាគមទាំងបី ក្នុងការលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុទៅវិញទៅមក។
លោកបន្តថា ភាគីទាំង ៣ ក៏នឹងសហការគ្នាលើការបណ្តុះបណ្តាល អភិវឌ្ឍទៅគ្រប់ទិដ្ឋភាពនៃវិស័យធនាគារជូនដល់សមាជិកដែលជាសហគ្រិនស្រ្តី ព្រមទាំងលើកកម្ពស់ការយល់ដឹងជាសាធារណៈទៅលើផ្នែកចំណេះដឹងហិរញ្ញវត្ថុ និងផលិតផលធនាគារ និងហិរញ្ញវត្ថុ ហើយលើកកម្ពស់ការយល់ដឹងលើការទទួលបានហិរញ្ញប្បទានរបស់សហគ្រិនស្រ្តី និងសហគ្រាសធុនតូច និងមធ្យមពីបណ្តាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ៕