ភ្នំពេញ៖ ធនាគារអេស៊ីលីដាបានកំពុងពង្រីកការផ្តល់កម្ចីរបស់ខ្លួនក្នុងវិស័យកសិកម្ម ដើម្បីឆ្លើយតបទៅនឹងសក្តានុពលដ៏ធំនៅក្នុងវិស័យនេះ ក្នុងការចូលរួមចំណែកជំរុញការនាំចេញកសិផលពីកម្ពុជាទៅកាន់ទីផ្សារពិភពលោកកាន់តែច្រើនបន្ថែមទៀត។
ក្រុមវិនិយោគិនក្នុងស្រុក និងបរទេស ដែលភាគច្រើនជាជនជាតិជប៉ុនបានជួបជុំគ្នានៅក្នុងកិច្ចប្រជុំ ផ្គូផ្គង អាជីវកម្ម ដែលរៀបចំដោយធនាគារអេស៊ីលីដា កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២ នៅការិយាល័យកណ្តាលរបស់ធនាគារ ដែលផ្តោតទៅលើកាលានុវត្តភាព និងឱកាសវិនិយោគក្នុងវិស័យកសិកម្ម។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា គោលបំណងនៃព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចថ្ងៃនេះ គឺដើម្បីបង្កើតឱកាសជាច្រើនសម្រាប់វិនិយោគិនក្នុងស្រុក និងក្រៅស្រុក ជាពិសេសវិនិយោគិនជប៉ុន ដើម្បីជួបគ្នា សម្រាប់ការកសាងបណ្តាញធុរកិច្ច និងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។
លោកថ្លែងថា៖ «កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន ដែលមានសេដ្ឋកិច្ចរីកចម្រើនរហ័សក្នុងតំបន់។ វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយវិស័យនេះបានផ្តល់ការងារដល់កម្លាំងពលកម្មភាគច្រើននៅក្នុងប្រទេសកម្ពុជា»។ លោកបញ្ជាក់ថា៖ «ជាមួយគ្នានេះដែរ សព្វថ្ងៃនេះ វិស័យកសិកម្ម ដើរតួនាទីដ៏សំខាន់ ក្នុងការធានាសន្ដិសុខស្បៀងអាហារប្រកបដោយនិរន្តរភាព និងផលិតផលអាហារូបត្ថម្ភសម្រាប់ទាំងប្រទេសកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀតលើពិភពលោក»។
លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពលើវិស័យកសិកម្មជាវិស័យសំខាន់សម្រាប់ការអភិវឌ្ឍ។ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យកសិកម្ម ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ច គិតត្រឹមខែមិថុនា ឆ្នាំ ២០២២ ធនាគារអេស៊ីលីដាបានផ្តល់ប្រាក់កម្ចីយ៉ាងច្រើនដល់វិស័យកសិកម្ម ដោយមានទឹកប្រាក់ចំនួន ១,២១ ពាន់លានដុល្លារអាមេរិក ស្មើនឹង ២០,៧៥ ភាគរយ នៃផលប័ត្រប្រាក់កម្ចីសរុបរបស់ធនាគារ។ សំខាន់ជាងនេះទៅទៀត គិតត្រឹមខែមីនា ឆ្នាំ២០២២ ធនាគារអេស៊ីលីដាបានផ្ដល់ប្រាក់កម្ចីជាង ៣៤ ភាគរយ ដល់វិស័យកសិកម្មនៃវិស័យធនាគារនៅកម្ពុជា។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម ដែលបានផ្សព្វផ្សាយក្នុងសន្និសីទនេះថា កំណើនវិស័យកសិកម្មក្នុងបរិបទកូវីដ ១៩ កសិកម្មនៅតែរឹងមាំក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។ ក្នុងនោះកំណើនតម្លៃបន្ថែមកសិកម្ម (ថ្លៃបច្ចុប្បន្ន) ឆ្នាំ ២០១៩ ៤% ឆ្នាំ ២០២០ ៣,៧% និងឆ្នាំ ២០២១ ៤,៧%។
នៅក្នុងឆ្នាំ ២០២១ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២៤,៤% (គិតតាមថ្លៃបច្ចុប្បន្ន) នៃផលិតផលសរុបក្នុងស្រុក (២៤,៩% នៅឆ្នាំ ២០១៧)។ ចំណែកស្ថានភាពវិស័យកសិកម្មតម្លៃបន្ថែមសរុបនៃវិស័យកសិកម្មបានកើនពី ១៨ ៩៩៩ ពាន់លានរៀលនៅឆ្នាំ ២០១២ ដល់ ២០ ៩៨៦ ពាន់លានរៀលនៅឆ្នាំ ២០១៧ និងបានបន្តកើនដល់ ២៤ ៧៥៥ ពាន់លានរៀលនៅឆ្នាំ ២០២១ (កំណើនប្រចាំឆ្នាំមានប្រមាណជា ៤% ក្នុង ១ ឆ្នាំៗ)។
នៅឆ្នាំ ២០២១ ការចូលរួមចំណែកនៃអនុវិស័យក្នុងផលិតផលក្នុងស្រុកសរុបរបស់វិស័យកសិកម្មរួមមាន ផ្នែកដំណាំ ៥៧,៤% ផ្នែកកៅស៊ូ ៥,៧% ផ្នែកផលិតកម្មសត្វ ១១,៤% ផ្នែកជលផល ២៤,៤% និងផ្នែកព្រៃឈើ ៧,៤%។ នេះបើតាមរបាយការណ៍ដដែល។ ដោយឡែកចំពោះផលិតផលស្រូវមានកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ ៣% ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ។
នៅក្នុងឆ្នាំ ២០២១ ផ្ទៃដីដាំដុះដំណាំស្រូវសរុបទូទាំងប្រទេសសម្រេចបានចំនួន ៣,៥៥ លានហិកតា (+ ៤,៤១% ធៀបឆ្នាំមុន)។ បរិមាណផលស្រូវសរុបទទួលបានចំនួន ១២,២១ លានតោន(+ ១១,៦% ធៀបឆ្នាំមុន)។ អតិរេកស្រូវបានកើនពី ៣,៩ លានតោននាឆ្នាំ ២០១០ ដល់ ៥,៧៥ លានតោននាឆ្នាំ ២០១៩ និងឆ្នាំ ២០២១ មានចំនួន ៦,៩ លានតោន៕