ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានប្រកាសនៅថ្ងៃទី២០នេះថា ធនាគារ អេស៊ីលីដា បានសហការជាមួយស្ថាប័ន Global Loyalty Network”GLN International Inc.” ដែលជាក្រុមហ៊ុនបណ្តាញឌីជីថលសកលសម្រាប់ទូទាត់ឆ្លងដែនតាមរយៈទូរស័ព្ទចល័តដើម្បីដាក់ឱ្យប្រើប្រាស់នូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតGLN CPMQR ដើម្បីស្កេនជាមួយម៉ាស៊ីនឆូតកាត POS នៅប្រទេសកម្ពុជា។ សមិទ្ធផលនេះនឹងជំរុញឱ្យបណ្តាអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់ស្ថាប័នGLN នៃសាធារណរដ្ឋកូរ៉េ និងសកលលោក អាចធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗក្នុងប្រទេសកម្ពុជា តាមរយៈទូរស័ព្ទចល័ត ដោយគ្រាន់តែបង្ហាញនូវឃ្យូអរកូតសម្រាប់ធ្វើប្រតិបត្តិការទូទាត់ដោយការស្កេននៅតាមម៉ាស៊ីនឆូតកាតPOS។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ីបានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយដែលបានធ្វើជាដៃគូយុទ្ធសាស្រ្តជាមួយស្ថាប័ន Global Loyalty Network “GLN International Inc”ដែលអនុញ្ញាតឱ្យអតិថិជន ឬភ្ញៀវទេសចរទូទាំងសកលលោកអាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុសម្រាប់ធ្វើការទូទាត់ឆ្លងដែនតាមរយៈកម្មវិធីទូរស័ព្ទចល័តនេះ។ជាមួយនឹងកិច្ចសហប្រតិបត្តិការប្រកបដោយភាពជោគជ័យនេះ អតិថិជនអ្នកប្រើប្រាស់កម្មវិធីទូទាត់តាមទូរស័ព្ទចល័តរបស់បណ្តាញ GLN នឹងអាចទូទាត់ឆ្លងដែនជាមួយពាណិជ្ជករអេស៊ីលីដា នៅទូទាំងប្រទេសកម្ពុជា បានកាន់តែមានភាពងាយស្រួល រហ័ស សុវត្ថិភាព និងសម្បូរបែប។
លោក Kim Kyung Hoនាយកប្រតិបត្តិ Global Loyalty Network “GLN International Inc”បានមានប្រសាសន៍ថា៖«យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះធនាគារជាតិ នៃ កម្ពុជា ដែលតែងតែជួយគាំទ្រ ដល់កិច្ចសហប្រតិបត្តិការរបស់ស្ថាប័នយើងខ្ញុំ រួមជាមួយដៃគូយុទ្ធសាស្ត្ររបស់យើង គឺ ធនាគារ អេស៊ីលីដា ភីអិលស៊ី“ធនាគារអេស៊ីលីដា”នៅប្រទេសកម្ពុជា ហើយស្ថាប័នយើងខ្ញុំ ពិតជាមានសេចក្តីរីករាយក្នុងការកំណត់ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយនេះ ចំពោះការផ្លាស់ប្តូរការទូទាត់ឆ្លងដែនតាមរយៈប្រព័ន្ធឌីជីថល។ ការពង្រីកសេវាកម្ម GLN នៅប្រទេសកម្ពុជា គឺជាការបន្ថែមនូវគុណតម្លៃដល់បណ្តាញប្រតិបត្តិការនាពេលបច្ចុប្បន្នរបស់យើង រួមមានប្រទេសហុងកុង ជប៉ុន ឡាវ សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ សហរដ្ឋអាមេរិក និងវៀតណាម»។
លោកថា តាមរយៈការដាក់ឱ្យដំណើការនេះនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរដែលមកទស្សនានៅប្រទេសកម្ពុជាអាចទូទាត់ជាមួយនឹងពាណិជ្ជករក្នុងស្រុក ដែលរួមចំណែកដល់បទពិសោធន៍ធ្វើដំណើរដ៏ល្អឥតខ្ចោះ កាត់បន្ថយការចំណាយលើការទូទាត់ និងជំរុញឌីជីថលរូបនីយកម្មនៃការទូទាត់នៅប្រទេសកម្ពុជា។ លើសពីនេះទៅទៀត យើងទន្ទឹងរង់ចាំការពង្រីកវិសាលភាពនៃភាពជាដៃគូ តាមរយៈការរួមបញ្ចូលសេវាដកប្រាក់តាម QR ATM សេវាផ្ទេរប្រាក់ឆ្លងដែនតាមប្រព័ន្ធឌីជីថល និងការទូទាត់ក្រៅប្រទេសកម្ពុជា ដែលនឹងអនុញ្ញាតឱ្យប្រជាជនកម្ពុជាអាចធ្វើការទូទាត់ទៅក្រៅប្រទេសតាមប្រព័ន្ធឌីជីថល។
ធនាគារអេស៊ីលីដាភីអិលស៊ីមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន (៤) គឺ៖១) វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា២) អេស៊ីលីដាស៊ីឃ្យួរឹធីភីអិលស៊ី៣) ធនាគារអេស៊ីលីដាឡាវលីមីធីតនិង៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុអេស៊ីលីដាមីយ៉ាន់ម៉ាព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។គិតត្រឹមដំណាច់ខែមីនាឆ្នាំ២០២៣នេះធនាគារអេស៊ីលីដាភីអិលស៊ីមានទ្រព្យសកម្មសរុបចំនួនជាង៩,៤៤ប៊ីលានដុល្លារអាមេរិកសមតុល្យឥណទានសរុបចំនួន៦,៥៨ប៊ីលានដុល្លារអាមេរិកនិងប្រាក់បញ្ញើសន្សំសរុបចំនួន៦,៧៩ប៊ីលានដុល្លារអាមេរិកនិងមានអតិថិជនប្រមាណជាង៤,០៧លាននាក់។ធនាគារអេស៊ីលីដាមានចំនួនអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលច្រើនជាង២,៧៦លាននាក់និងមានដៃគូអាជីវកម្មច្រើនជាង២៤០.០០០ដៃគូគិតត្រឹមដំណាច់ខែមេសាឆ្នាំ២០២៣។
ស្ថាប័ន GLN International Inc, ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារKEB Hana ដែលជាស្ថាប័នហិរញ្ញវត្ថុធំជាងគេ មួយនៅក្នុងប្រទេសកូរ៉េ គាំទ្រដោយធនាគារ KB Kookmin, Kakao Payments Incមកពីប្រទេសកូរ៉េ ធនាគារ Taishinមកពីតៃវ៉ាន់ និងធនាគារ SuMi Trust Bank ពីប្រទេសជប៉ុន គឺជាបណ្តាញទូទាត់តាមទូរស័ព្ទចល័តនៅទូទាំងពិភពលោកដែលរីកចម្រើនលឿនបំផុតសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុទូទាត់ឆ្លងដែន ដូចជាការទូទាត់តាមទូរស័ព្ទ ការដកសាច់ប្រាក់តាមម៉ាស៊ីនអេធីអឹមចល័ត និងការផ្ទេរប្រាក់តាមទូរស័ព្ទចល័ត។សេវាកម្ម GLN ឥឡូវនេះមាននៅប្រទេសហុងកុង ជប៉ុន ឡាវ សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ សហរដ្ឋអាមេរិក និងវៀតណាម៕