ភ្នំពេញ៖ អ្នកវិនិយោគគិនមកពីប្រទេសជប៉ុន និងកម្ពុជាប្រមាណ៦០ក្រុមហ៊ុន នៅថ្ងៃទី ២០ វិច្ឆិកាម្សិលមិញបានរៀបចំវេទិកា«ធុរកិច្ចរភាពជាដៃគូពាណិជ្ជកម្មកម្ពុជា និង វិនិយោគិនជប៉ុន» ដើម្បីសិក្សាស្វែងយល់ដោយផ្ទាល់ពីឱកាស និងសក្តានុពលវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការស្វែងរកដៃគូ និង កិច្ចសហប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។វេទិកានេះ ផ្តូចផ្តើមឡើងដោយធនាគារ អេស៊ីលីដា និង សហការ ដោយសមាគមជប៉ុន-កម្ពុជា។
កិច្ចជំនួបធុរកិច្ច រវាងដៃគូពាណិជ្ជកម្មកម្ពុជា និង វិនិយោគិនជប៉ុន នៅឆ្នាំ២០២៣នេះ រៀបចំឡើងនៅស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ដោយមានការចូលរួមពីអ្នកវិនិយោគគិនជប៉ុនចំនួន ២៨ក្រុមហ៊ុន និង អ្នកវិនិយោគគិនកម្ពុជាប្រមាណជាង ៣០ក្រុមហ៊ុន ដើម្បីជួបជជែកគ្នាសិក្សាស្វែងយល់ពីឱកាសនៃការវិនិយោគនៅកម្ពុជាគ្រាដែលវិបត្តិជំងឺកូវីដ-១៩បានធូរស្បើយនៅលើពិភពលោក។
លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា ជំនួបធុរកិច្ច រវាងដៃគូពាណិជ្ជកម្មកម្ពុជា និង វិនិយោគិនជប៉ុននេះ ទោះបីមានរយៈពេលខ្លីតែវាជាឱកាសសម្រាប់ឱ្យអ្នកវិនិយោគកម្ពុជា-ជប៉ុនជួបគ្នា ដើម្បីធ្វើការប្រាស្រ័យទាក់ទងគ្នា និងសិក្សាស្វែងរកអត្ថប្រយោជន៍រួមនៃការវិនិយោគដ៏មានសក្តានុពលនៅកម្ពុជា។សម្រាប់លោក ការៀបចំនេះមិនមែនដើម្បីផលប្រយោជន៍របស់ធនាគារ អេស៊ីលីដា នោះទេ តែដើម្បីផលប្រយោជន៍រួម មិនថាតែអ្នកវិយោគជប៉ុននោះទេ គឺស្វាគមន៍ទាំងអស់។
បើតាមលោក អ៉ិន ចាន់នី អ្នកវិនិយោគិនជប៉ុនបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការវិនិយោគនៅលើទឹកដីកម្ពុជា ដែលជាទីកន្លែងផ្តល់នូវសុខសន្តិភាពពេញលេញ និង សម្បូរបែប ។ ទាំងនេះ ជាជម្រើសដ៏ត្រឹមត្រូវ ដែលប្រទេសកម្ពុជាផ្តល់នូវលក្ខខណ្ឌវិនិយោគដ៏ល្អបំផុត ដើម្បីបំពេញតម្រូវការជូនវិនិយោគិន រួមមាន ៖ កត្តានយោបាយ សេដ្ឋកិច្ច និងសេ្ថរភាពសង្គម ។
គួរបញ្ជាក់ថា នេះជាលើកទី៣ហើយដែលធនាគារ អេស៊ីលីដា សហការជាមួយសមាគមជប៉ុន-កម្ពុជា រួមគ្នារៀបចំវេទិកា«ធុរកិច្ច រវាងដៃគូពាណិជ្ជកម្មកម្ពុជា និងវិនិយោគិនជប៉ុន» ។វេទិកានេះ ត្រូវបានគេរំពឹងថានឹងក្លាយជាជំនួបដ៏វិសេសវិសាល ដើម្បីពង្រឹង និង បំពេញតម្រូវការជូនធុរជនក្នុងការស្វែងយល់ពីវិស័យធុរកិច្ចមួយចំនួនដូចជា វិស័យសំណង់ ទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន សុខាភិបាល កសិកម្ម ហិរញ្ញវត្ថុ សណ្ឋាគារ និង បដិសណ្ឋារកិច្ចជាដើម៕