ភ្នំពេញៈ លោក អ៊ូក សោភ័ណ្ឌ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានប្រាប់PlusOne នៅថ្ងៃទី3 ខែមិថុនានេះ ថា ក្រុមហ៊ុន CP ALL Plc ដែលជាប្រតិបត្តិករហាងទំនិញលក់រាយធំជាងគេនៅប្រទេសថៃនឹងបើកដំណើរការផ្សារ 7-Eleven នៅទីក្រុងភ្នំពេញក្នុងពេលឆាប់ៗ ខាងមុខនេះ។
លោកឯកអគ្គរាជទូតរូបនេះបានពន្យល់ថា ការសម្រេចពង្រីកការវិនិយោគរបស់ក្រុមហ៊ុន CP ALL ថៃនៅក្នុងប្រទេសកម្ពុជា គឺជារឿងល្អ ដោយសារទី១ វាស្របនឹងយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា ដែលបានផ្តួចផ្តើម និងដាក់ឱ្យអនុវត្តដោយលោក ប្រាក់ សុខន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានការគាំទ្រពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ទី២ ក្រុមហ៊ុននេះនឹងជួយផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ ដែលបាត់បង់ការងារដោយសារជំងឺកូវីដ១៩ និងទី៣ ក្រុមហ៊ុននឹងទទួលយកផលិតផលខ្មែរមួយចំនួនពីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាយ៉ាងតិច ៥០ភាគរយដើម្បីដាក់លក់ប្រដំប្រសងគ្នាជាមួយផលិតផលថៃ ដូចដែលក្រុមហ៊ុនធ្លាប់បានសន្យាជាមួយលោក និងលោកអនុព័ន្ធពាណិជ្ជកម្មនាពេលកន្លងមក។
លោកបានថ្លែងថា៖«បើសិនផលិតផលខ្មែរមានគុណភាពស្តង់ដារ និងតម្រូវការខ្ពស់ ក្រុមហ៊ុននឹងពិចារណានាំយកមកលក់នៅតាមសាខា 7-Eleven ទូទាំងប្រទេសថៃ ដែលមានចំនួនជាង ១២,០០០ហាងថែមទៀត។ ដូច្នេះនេះគឺជាឱកាសសម្រាប់ SMEs កម្ពុជាក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុន CP ALL ដែលមានបណ្តាញហាងលក់ទំនិញធំបំផុតលើពិភពលោក»។
លោក សោភ័ណ្ឌ បានញ្ជាក់ថា នៅប្រទេសថៃមជ្ឈមណ្ឌលក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) ទើបបានបង្កើតឡើងដើម្បីបម្រើជាកន្លែងជំរុញផ្សព្វផ្សាយសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ព្រមទាំងផ្លាស់ប្តូរព័ត៌មាន និងចំណេះដឹងផ្សេងៗរវាងសមាជិករាប់តាំងពីការធ្វើអាជីវកម្ម ការលើកកម្ពស់គុណភាពទំនិញ ឬសេវាកម្ម ការជំរុញផលិតកម្ម និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសថៃ និងកម្ពុជា ព្រមទាំងការសម្របសម្រួល និងចរចាជាមួយស្ថាប័នរដ្ឋនៅក្នុងប្រទេសទាំងពីរ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗរបស់វិស័យឯកជនដែលជាសមាជិកថែមទៀត។
ក្រុមហ៊ុន CP ALL បានជូនដំណឹងថា ក្រុមហ៊ុនបានពង្រីកកិច្ចព្រមព្រៀង Master Agreement នៃផ្សារម៉ាត 7-Eleven នៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈរបស់ក្រុមហ៊ុន PTT Oil and Retail Business Public Company Limited ក្នុងរយៈពេល១០ ឆ្នាំបន្តទៀត បន្ទាប់ពីកិច្ចសន្យាចាស់។នេះបើតាមសេចក្តីជូនដំណឹងផ្ញើទៅប្រធានផ្សារហ៊ុនថៃ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំនេះ។
បច្ចុប្បន្នក្រុមហ៊ុននេះបានដំណើរការហាង 7-Eleven សរុប ១២ ២២៥ នៅប្រទេសថៃ។ ក្រុមហ៊ុននេះបានឱ្យដឹងថា ខ្លួននឹងវិនិយោគចន្លោះពី ១១,៥ពាន់លានបាតទៅ ១២ពាន់លានបាតនៅឆ្នាំ២០២០ ក្នុងការបើកហាងថ្មី ជួសជុលកែលម្អហាងដែលមានស្រាប់ និងបើកដំណើរការគម្រោងថ្មីៗ៕