ភ្នំពេញៈ បច្ចុប្បន្នមានពាក្យបណ្តឹងចំនួន ២៧ ត្រូវបានវិនិយោគិនដាក់មកកាន់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មកម្ពុជា ដើម្បីឱ្យជួយដោះស្រាយទាក់ទងនឹងវិវាទនៃការធ្វើពាណិជ្ជកម្ម។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម។
ក្នុងឱកាសចូលរួមជាគណៈអធិបតីនៃពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «មជ្ឈត្តការពាណិជ្ជកម្មនៅកម្ពុជា» ដែលរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ សហការជាមួយមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធវីដេអូ Zoom កាលពីថ្ងៃទី៥ ខែសីហា លោកស្រី ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ស្ថេភាពនយោបាយ និងភាពអំណោយផលនៃបរិយាកាសវិនិយោគបានធ្វើឱ្យសកម្មភាពពាណិជ្ជកម្ម និងការបណ្តាក់ទុននៅកម្ពុជាកើនឡើងជាបន្តបន្ទាប់។ ទន្ទឹមនឹងភាពវិជ្ជមានទាំងនេះ បញ្ហាជម្លោះផ្នែកពាណិជ្ជកម្មក៏បានកើនឡើងផងដែរ ដោយរហូតមកដល់ពេលនេះមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម បានទទួលរឿងក្តីប្រមាណជិត ៣០ ករណីមកហើយ។
លោកស្រីថ្លែងថា៖«កត្តាសន្តិភាព ស្ថេរភាពនយោបាយក្នុងប្រទេស បរិយាកាសវិនិយោគមានភាពទាក់ទាញ និងលក្ខខណ្ឌអំណោយផលពីកត្តាខាងក្នុង និងក្រៅ បានធ្វើឱ្យសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ ចំណែកវិវាទពាណិជ្ជកម្មក៏កើនឡើងដែរ រហូតមកដល់ពេលបច្ចុប្បន្ននេះមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មបានទទួលរឿងក្តីចំនួន ២៧ ករណី»។
លោកស្រីបានលើកឡើងទៀតថា ប្រសិនបើធៀបទិន្នន័យនៃការបង្កើតក្រុមហ៊ុនថ្មី នៅឆ្នាំ២០០៧ មានត្រឹមតែ ២ ៥៣៥ក្រុមហ៊ុនប៉ុណ្ណោះ ប៉ុន្តែក្នុងឆ្នាំ២០១៩ ការចុះបញ្ជីក្រុមហ៊ុនថ្មីមានរហូតទៅ ១៦ ២០៨ក្រុមហ៊ុន។ ការកើនឡើងនៃចំនួនក្រុមហ៊ុនចុះបញ្ជីថ្មីនេះបានបង្ហាញពីភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់កម្ពុជា៕