ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់របស់ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទបានថ្លែងអះអាងថារដ្ឋាភិបាលចិនបានប្រកាសបិតដោយគ្មានកាលកំណត់ នូវការនាំចូលផ្លែមៀនពីប្រទេសថៃ កាលពីថ្ងៃសុក្រ ទី១៣ សីហាកន្លងមកនេះ ដោយសារតែមូលហេតុ មានជាប់នៅលើផ្លែមៀននូវចៃម្សៅ ឬហៅថាក្រាម្សៅ។ ការណ៍នេះជាមូលហេតុធ្វើឱ្យរាំងស្ទះដល់ការនាំចេញផ្លែមៀនប៉ៃលិនផងដែរ។
លោក ហ៊ាន វាន់ហ៊ន រដ្ឋលេខាធិការក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញថា រដ្ឋាភិបាលចិនបានប្រកាសបិតដោយគ្មានកាលកំណត់ នូវការនាំចូលផ្លែមៀនពីប្រទេសថៃ កាលពីថ្ងៃសុក្រ ទី១៣ សីហាម្សិលមិញនេះ ដោយសារតែមូលហេតុ មានជាប់នៅលើផ្លែមៀននូវចៃម្សៅ ឬហៅថាក្រាម្សៅ។ លោកថា បើនិយាយពីសុវត្ថភាពអាហារ ចៃនោះមិនបង្កជាតិពុលក្នុងផ្លែមៀននោះទេ តែបើនិយាយពី សន្តិសុខភូតគាមអនាម័យ ចៃម្សៅជាសត្វល្អិតចង្រៃ ដែលទីផ្សារអន្តរជាតិទប់ស្កាត់ ដែលករណីស្រដៀងគ្នានេះ នៅឆ្នាំ២០១៦ ចិនក៏ធ្លាប់បានកំទិចចោលផ្លែចេក ដែលនាំចូលមកពីប្រទេសហ្វីលីពីន និងហាមការនាំចូលម្តងរួចហើយ។
«ការបិតមៀនថៃ ក៏មានឥទ្ធពលលើ មៀនប៉ៃលិនរបស់កម្ពុជាដែរ គឺថៃប្រាកដជានឹងឈប់ទិញមៀនប៉ៃលិនពីកម្ពុជាយើង ដែលកន្លងមកគេទិញដើម្បី វិចខ្ចប់នាំចេញ (វិស័យឯកជនថៃ មានសមត្ថភាពខ្ពស់) ទៅប្រទេសចិនជាសំខាន់»។ នេះបើយោងតាមការបញ្ជាក់របស់លោក។
លោកថា ការដាំដុះក្នុងសម័យពាណិជ្ជកម្មសេរី (Free Trade/ WTO) ពិតជាទាមទារសមត្ថភាពខ្ពស់ មិនមែនគ្រាន់តែចេះដាំបានល្អនោះទេ តែពិសេសត្រូវតែយល់ច្បាស់នូវ លក្ខខ័ណ និងតម្រូវការទីផ្សារ។
លោកថ្លែងបញ្ជាក់ទៀតថា៖«សូមចាំថា ផលិតផលណាក៏ដោយ (ចេក ស្វាយ អង្ករ ….) ដែលអាចនាំចេញ និងកំពុងនាំចេញបានទៅកាន់ទីផ្សារអន្តរជាតិ ដោយការខិតខំចចាររបស់រាជរដ្ឋាភិបាល ដែលចរន្តនោះ ក៏អាចងាយបាត់បង់ទៅវិញ ដោយមូលហេតុ (1)សមត្ថភាពមានកម្រិតក្នុងការដាំដុះ ការវិចខ្ចប់ នាំចេញ ពិសេសមិនសុីជម្រៅលើលក្ខខ័ណនៃរបាំងមិនមែនពន្ធគយ (2) ភាពមិនស្មោះត្រង់ របស់អ្នកនាំចេញ ………។»
បើតាមសារព័ត៌មានថៃ Bangkok Post ដកស្រង់សម្តីលោក Somdet Susomboon អគ្គនាយកនៃនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសថៃ កាលពីថ្ងៃ ព្រហស្បតិ៍ថា រដ្ឋាភិបាលចិនបានអនុវត្តការហាមឃាត់នេះដោយសារតែសត្វល្អិតចង្រៃត្រូវបានគេរកឃើញក្នុងចំណោមការនាំចេញមៀនរបស់ថៃ។លោកបានចាត់តាំងអ្នកតំណាងពាណិជ្ជកម្មនៅប្រទេសចិន ដើម្បីស្វែងរកការពន្យាពេលចំពោះការហាមឃាត់នេះដោយសារតែវាត្រូវបានដាក់ចេញក្នុងពេលដ៏ខ្លីបំផុត។នេះបើតាមកាសែត Bangkok Post។
លោកថា៖ «ប្រសិនបើការចរចាបរាជ័យការនាំចេញផ្លែមៀនរបស់ថៃនឹងរងផលប៉ះពាល់ព្រោះការនាំចេញមៀនថៃ ៧០-៨០% ត្រូវបានកំណត់សម្រាប់ប្រទេសចិន។ នាយកដ្ឋាននេះនឹងស្វែងរកទីផ្សារសក្តានុពលនៅអាស៊ីអាគ្នេយ៍ដើម្បីទូទាត់សង»។
កាលពីថ្ងៃទី ១២ សីហា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអំពាវនាវដល់អ្នកនាំចេញផ្លែមៀនប៉ៃលិនឱ្យបង្វែរពីប្រទេសថៃទៅកាន់ប្រទេសវៀតណាម បន្ទាប់ពីថៃមិនអនុញ្ញាតឱ្យនាំចូលមៀនប៉ៃលិនរបស់កម្ពុជាតាមច្រកព្រំដែនគោករវាងប្រទេសទាំង២។
ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទីផ្សារផលិតផលមៀនប៉ៃលិនដែលកំពុងប្រឈមនឹងរបាំងភូតគាមអនាម័យ និងបញ្ហាប្រឈមនានាបង្កឡើង ដោយការឆ្លងរាតត្បាតនៃជំងឺកូវីដ ១៩ ក្រសួងកសិកម្មសូមធ្វើការអំពាវនាវដល់អ្នកនាំចេញគួរបង្វែរទៅរកទីផ្សារប្រទេសវៀតណាម ព្រោះភាគីទាំង ២ បានឯកភាពគ្នាលើលក្ខខណ្ឌតម្រូវភូតគាមអនាម័យរួចហើយ។នេះបើតាមក្រសួងកសិកម្ម៕