ភ្នំពេញៈសមាគមធនាគារនៅកម្ពុជា(ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) បានចុះហត្ថលេខាលើអនុស្សារណៈ (MoU) នៃកិច្ចព្រមព្រៀងភាពជាដៃគូ ក្នុងការចូលរួមចំណែកលើកកម្ពស់ និងបញ្រ្ជាបការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុក្នុងចំណោមសហគ្រិនវ័យក្មេង ក៏ដូចជាសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។
ពិធីចុះហត្ថលេខានេះធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ (Zoom)កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមពីបណ្តាសហគ្រាសធុនតូចនិងមធ្យម គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាច្រើន។
អនុស្សារណៈនេះមានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាក់ទងនឹងការបណ្តុះបណ្តាល ការរៀបចំព្រឹត្តិការណ៍ និងការរៀបចំសិក្ខាសាលារួមគ្នា ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fin-Tech) សេវាឥណទានប្រកបដោយបរិយាបន្ន និងការកសាងបណ្តាញទំនាក់ទំនងក្នុងចំណោមសហគ្រិនវ័យក្មេងកម្ពុជា និងសហគ្រាសធុនតូចនិង មធ្យមនៅកម្ពុជា ។
ពិធីចុះហត្ថលេខាលើអនុស្សារណៈនេះ ក៏មានអមផងដែរនូវវេទិកាពិភាក្សាពិសេស ស្តីពី«មគ្គទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩»។ កិច្ចពិភាក្សានេះបានផ្តោតលើវិធីសាស្ត្រ និងឥរិយាបថ ដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានប្រតិបត្តិ ដើម្បីឆ្លើយតបនិងជួយគាំទ្រដល់សហគ្រាសមីក្រ សហគ្រាសធុនតូចនិងមធ្យម ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។
ប្រធានសមាគមធនាគារនៅកម្ពុជា លោក អ៊ិន ចាន់នី បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងសមាគមទាំងបី បានឆ្លុះបញ្ចាំងទៅនឹងយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និង បញ្រ្ជៀបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅកាន់សហគ្រិន អាជីវកម្មខ្នាតតូច និងមធ្យម កសិករ និង សហគ្រិ នវ័យក្មេង។ វាក៏នឹងក្លាយជាវេទិកាដើម្បីឱ្យអ្នកជំនាញខាងវិស័យធនាគារនិងហិរញ្ញវត្ថុ និងសហគ្រិនក៏ដូចជាម្ចាស់សហគ្រាសធុនតូចនិងមធ្យម បានជួបពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយ ឈ្នះៗទាំងអស់គ្នា៕