ភ្នំពេញៈ ភាពល្អប្រសើរនៃអត្រាចំនួនប្រជាជនចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ និងការចូលរួមអនុវត្តន៍បានខ្ជប់ខ្ជួននូវវិធានការរបស់ក្រសួងទេសចរណ៍ និងសុខាភិបាល បានធ្វើឱ្យចលនានៃការធ្វើដំណើរកម្សាន្តក្នុងស្រុកចាប់ផ្តើមមានសម្ទុះជាបន្តបន្ទាប់ ជាក់ស្តែងចំនួនភ្ញៀវទេសចរដើរកម្សាន្តនាថ្ងៃចុងសប្តាហ៍ទី៤ ខែកញ្ញា នេះបានកើនឡើងជិត ៣០ភាគរយ បើធៀបនឹងចុងសប្តាហ៍ទី៣។
ទិន្នន័យក្រសួងទេសចរណ៍ បង្ហាញថា រយៈពេល៣ថ្ងៃចុងសប្តាហ៍ទី៤ ខែកញ្ញា (ថ្ងៃទី២៤-២៥-២៦) ភ្ញៀវទេសចរផ្ទៃក្នុង ដែលចេញដើរទស្សនាកម្សាន្តទូទាំងប្រទេស មានចំនួន ១០២ ០៦៣នាក់ ក្នុងនោះភ្ញៀវជាតិ ១០០ ៥១២នាក់ និងភ្ញៀវបរទេស(ផ្ទៃក្នុង) ១ ៥៥១នាក់។ តួលេខនេះ បានកើនឡើងប្រមាណ ២៩,១៦ភាគរយបើធៀបនឹងសប្តាហ៍ទី៣ ខែកញ្ញា។
បើតាមក្រសួងទេសចរណ៍ គោលដៅទេសចរណ៍ក្នុងរាជធានីភ្នំពេញ មានចំនួន ៣២ ៧៩៣នាក់, កំពត ២៤ ៣២៩នាក់, ព្រះសីហនុ ៨ ១៩៨នាក់, កែប ៦ ៧៥០នាក់, កំពង់ស្ពឺ ៥ ៦០៧នាក់, តាកែវ ៤ ៥៩៨នាក់, មណ្ឌលគិរី ៤ ២៦២នាក់ និងខេត្តពោធិ៍សាត់ ៣ ៦៣១នាក់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឱ្យដឹងថា ការកើនឡើងនៃចំនួនប្រជាពលរដ្ឋដើរកម្សាន្តនៅពេលនេះ គឺដោយសារប្រជាជនមួយចំនួនបានយកចង្ហាន់ និងគ្រឿងឧបភោគបរិភោគ ទៅប្រគេនព្រះសង្ឃនៅតាមវត្ត រួចបន្តដំណើរទៅដើរលេងកម្សាន្ត ។ ចលនានៃការធ្វើដំណើរកម្សាន្តក្នុងស្រុកកំពុងមានសម្ទុះកើនឡើងវិញហើយ បន្ទាប់ពីធ្លាក់ចុះយ៉ាងគំហុកដោយសារការឆ្លងរាលដាលជំងឺកូវីដ១៩។ លោកបន្តថា ព្រមជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធក៏បាននឹងកំពុងសហការគ្នាចុះជំរុញការអនុវត្តវិធាន ៣ការពារ ៣កុំ សុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាអប្បបរមា (SOP)នៅតាមមូលដ្ឋានអាជីវកម្ម និងរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសផងដែរ។
លោកថ្លែងថា៖«នៅតាមគោលដៅទេសចរណ៍នានា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានចូលរួមអនុវត្តកាន់តែសកម្មនូវវិធានការ «៣កុំ និង ៣ការពារ» ពិសេសបានពាក់ម៉ាស់ជាប្រចាំ និងការជ្រើសរើសដំណើរកម្សាន្តទៅកាន់តំបន់ធម្មជាតិ សហគមន៍ និងអេកូទេសចរណ៍»។
បើតាមលោក ថោង ខុន គោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរសមុទ្រ និងគោលដៅទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍នៅខេត្តកំពង់ស្ពឺ មណ្ឌលគិរី និងខេត្តពោធិ៍សាត់ បានក្លាយជាគោលដៅពេញនិយមសម្រាប់ការដើរកម្សាន្តនាសប្តាហ៍កន្លងមក លើកលែងតែតំបន់សៀមរាបអង្គរ ដែលកំពុងបិទខ្ទប់។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ដល់កុមារអាយុចាប់ពី ៦-១២ឆ្នាំ កាលពីពេលថ្មីៗនេះបានបង្ហើបថា កម្ពុជាមានផែនការនឹងបើកទទួលភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំងរួច ឱ្យចូលមកកម្សាន្តក្នុងពេលខាងឆាប់ៗ ដោយអាចចាប់ផ្តើមពីភ្ញៀវទេសចរចិន ដែលជាប្រទេសមានការគ្រប់គ្រងជំងឺកូវីដ១៩ បានល្អជាងគេ៕