ភ្នំពេញ៖ សមាគមភស្តុភារកម្មកម្ពុជា និងក្រុមហ៊ុន វន្តសាលា ឯ.ក ចុះអនុស្សរណៈនៃការយោគយល់គ្នាអំពីកម្មវិធីបណ្តុះបណ្តាលដោយផ្ទាល់ ជូនចំពោះសិក្ខាកាម ឆាប់ៗខាងមុខនេះ សមាគមនឹងមានកម្មវិធីបង្រៀន តាមរយៈទំរង់បច្ចេកវិទ្យាព័តមាន (E-Learning Platform) លើមុខវិជ្ជាជំនាញឡូជីស្ទីក និងដឹកជញ្ជូន។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ក្រោមអធីបតីភាពលោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណការ ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានឲ្យដឹងថា សមាគមឥឡូវនេះកាន់តែបោះជំហានទៅមុខជាបណ្តើរៗ ដោយក្រៅអំពីកម្មវិធីបណ្តុះបណ្តាលដោយផ្ទាល់ ជូនចំពោះសិក្ខាកាម ឆាប់ៗខាងមុខនេះ សមាគមនឹងមានកម្មវិធីបង្រៀន តាមរយៈទំរង់បច្ចេកវិទ្យាព័តមាន (E-Learning Platform) លើមុខវិជ្ជាជំនាញឡូជីស្ទីក និងដឹកជញ្ជូនផងដែរ ដោយសមាគមបានសហការជាមួយ ក្រុមហ៊ុន វន្តសាលា ឯ.ក ដែលជាក្រុមហ៊ុនជំនាញលើផ្នែកនេះ ជាច្រើនឆ្នាំកន្លងមហើយនៅក្នុងប្រទេសកម្ពុជាយើង។
លោកបានបន្ថែមថា៖« ដើម្បីដើរទាន់សម័យកាលព័ត័មានវិទ្យា ក៏ដូចជាបំពេញតម្រូវការ ចំពោះសិក្ខាកាមជាពិសេសក្នុងបរិបថកូវីដ១៩នេះ និងដើម្បីអភិវឌ្ឍន៍ធនធានមនុស្សលើផ្នែកនេះ ដើម្បីបំពេញតម្រូវការបច្ចុប្បន្ន ចំពោះក្រុមហ៊ុនផ្តល់សេវាកម្មឡូជីស្ទីក ដឹកជញ្ជូន សមាគមក្រៅអំពីការសហការជាមួយក្រុមហ៊ុនវន្តសាលា ក៏នឹងមានការសហការបន្ថែមទៀតជាមួយវិទ្យាស្ថាន និងស្ថាប័នពាណិជ្ជកម្មផ្សេងៗទៀត ក្នុងន័យរួមគ្នាផលិតធនធានមនុស្សលើជំនាញនេះបន្ថែមផងដែរ»។
លោក ហឿន សំនៀង នាយកវិទ្យាស្ថាន បានមានប្រសាសន៍ថា ជាមួយទស្សនះគិតគូរដ៏វែងឆ្ងាយ និងមោះមុតរបស់លោក លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបានខិតខំយ៉ាងសស្រាក់សស្រាំ ឥតទំនេរដៃ ក្នុងការស្ថាបនា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ដែលជាសរសៃឈាមនៃការដឹកជញ្ជូនក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាដ៏សំខាន់ បម្រើដល់សកម្មភាព សេដ្ឋកិច្ចជាតិ។
លោកបានសំដែងនូវការអបអរសាទរ ដល់សមាគមភស្តុភារកម្មកម្ពុជា និងក្រុមហ៊ុនវន្តសាលា ឯ.ក ដែលបានចូលរួមគាំទ្រដល់សកម្មភាពបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យឡូជីស្ទីក និង ដឹកជញ្ជូន តាមរយៈការបង្កើតកម្មវិធីសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យានេះឡើង៕