ភ្នំពេញ៖ លោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងផ្នែកឯកជន បានប្រាប់ឱ្យក្រុមហ៊ុន ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យទេសចរណ៍ ត្រូវត្រៀមខ្លួនឱ្យរួចរាល់ក្នុងការទទួលភ្ញៀវទេសចរវ៉ាក់សាំង ក៏ដូចជាការអនុវត្តស្តង់ដាប្រតិបត្តិអប្បបរមា(SOP) ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ ឡើងវិញ។
ការលើកឡើងនេះបានធ្វើក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី៣០ ខែតុលា នៅតំបន់វិស្សមកាល តារាសាគរ នៃខេត្តកោះកុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តកោះកុង តំណាងក្រុមហ៊ុនវិស្សមកាលតារាសាគរ, សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា, សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។
លោក ថោង ខុន បាននិយាយថា តាមផែនការកម្ពុជានឹងបើកដំណើរការទទួលទេសចរណ៍វ៉ាក់សាំងចាប់ពីចុងខែវិច្ឆិកា ដោយភ្ញៀវទេសចរអន្តរជាតិទាំងអស់នោះមានប្រភពពីទីផ្សារដែលមានសក្តានុពល និងមានហានិភ័យទាប(ជំងឺកូវីដ១៩)។ ទន្ទឹមនឹងការត្រៀមបើកទទួលភ្ញៀវទេសចរបរទេសនេះ កម្ពុជាក៏ត្រូវអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខ្លួនឱ្យក្លាយជាគោលដៅប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាពតាមគន្លងប្រក្រតីភាពថ្មី ស្របតាមទស្សនទាន «ប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាពផងដែរ។
លោកបញ្ជាក់ថា៖«ស្របជាមួយនឹងការត្រៀមទទួលទេសចរវ៉ាក់សាំង យើងក៏មិនត្រូវភ្លេចជាដាក់ខាតនូវការខិតខំពង្រឹងសុវត្ថិភាពក្នុងទីតាំងរបស់ខ្លួនតាមរយៈការសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគឱ្យបានញឹកញាប់ តាមគោលដៅក្នុងតំបន់របស់ខ្លួនឱ្យមានផាសុកភាព ស្របតាមផែនការ «ស្តង់ដាប្រតិបត្តិអប្បបរមា(SOP) តាមគន្លងប្រក្រតីភាពថ្មី» ដែលក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាលបានដាក់ចេញ ពិសេសទទួលភ្ញៀវជាតិ និងអន្តរជាតិចាក់វ៉ាក់សាំងតែប៉ុណ្ណោះ»។
បន្ថែមពីលើនេះ លោកក៏បានណែនាំដល់ក្រុមហ៊ុនវិស្សមកាលតារាសាគរ ឱ្យខិតខំពង្រីកសេវាកម្មរបស់ខ្លួនឱ្យបានកាន់តែសម្បូរបែប ដើម្បីអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាបានកាន់តែច្រើន ជាមួយនឹងសេវាកម្មល្អ និងមានតម្លៃសមរម្យ ដែលមិនត្រឹមតែទទួលនូវភ្ញៀវទេសចរអន្តរជាតិនោះទេ ភ្ញៀវទេសចរផ្ទៃក្នុងក៏អាចមកកម្សាន្តកន្លែងដែលមានផាសុកភាពនេះដែរ។
ប្រទេសកម្ពុជាមានផែនការបើកទទួលភ្ញៀវទេសចរអន្តរជាតិក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ដោយចាប់ផ្តើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរ(ខេត្តកោះកុង) មុននឹងឈានទៅខេត្តសៀមរាបក្នុងខែមករា ឆ្នាំ២០២២៕