ភ្នំពេញ៖ ប្រទេសកម្ពុជា-ថៃ បានប្តេជ្ញាក្នុងការជំរុញការដោះដូរទំនិញទ្វេរភាគីរវាងប្រទេសទាំងពីរឱសម្រេចបានតាមគោលដៅចំនួន ១៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ក្រោយពីខកខានជាលើកទីពីរនៃការសម្រេចតាមគោលដៅដែលបានកំណត់ដោយរដ្ឋាភិបាលទាំងពីរនាពេលកន្លងមក ដោយសារផលប៉ះពាល់ជំងឺកូវីដ១៩ ដែលបានអូសបន្លាយពេលវេលាជិតពីរឆ្នាំមកនេះ។
កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានសន្យារួមគ្នាក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យសម្រេចបាន ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ។
យោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី១១ (11th JC Meeting) ដែលដឹកនាំដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា (MFAIC) និងលោក Don PRAMUDWINAI ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសថៃ កាលពីថ្ងៃទី ១៦ ដល់ ១៨ ខែធ្នូ នៅរាជធានីភ្នំពេញ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពប្រគល់ភារកិច្ចដល់ស្ថាប័នពាក់ព័ន្ធស្វែងរកមធ្យោបាយនានាដែលប្រកបដោយនវានុវត្តន៍ ដើម្បីពង្រីកវិសាលភាព និងស្វែងរកឱកាសបន្ថែមទៀតក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ថៃ។
«ភាគីទាំងពីរបានឯកភាពពន្លឿនការបញ្ចប់អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីទំនិញឆ្លងកាត់ ក៏ដូចជាពិភាក្សាអំពីនីតិវិធីវិញ្ញាបនបត្រភូតគាមអនាម័យ សម្រាប់ការនាំចូល និងនាំចេញផលិតផលកសិកម្ម។ ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការបើកច្រកអន្តរជាតិថ្មីៗ ដែលនឹងជួយសម្រួលដល់ការដឹកជញ្ជូនកាន់តែរហ័ស និងប្រសើរជាងមុន ព្រមទាំងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ»។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានបានពី MFAIC កាលពីថ្ងៃទី២១ខែធ្នូ។
សេចក្ដីប្រកាសព័ត៌មានបន្តថា៖ «ជាមួយប្រទេសថៃក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កម្ពុជានៅក្នុងតំបន់រដ្ឋមន្ត្រីការបរទេសទាំងពីរ មានទំនុកចិត្តថាប្រទេសទាំងពីរអាចសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥»។
លោកសុធា សម្បត្តិប្រធានក្រុមប្រឹក្សាធុរកិច្ចកម្ពុជា ប្រចាំប្រទេសថៃ (CBC) បានមានប្រសាសន៍ថា ថា
សម្រាប់វិស័យឯកជននៅតែចង់ជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យសម្រេចទៅតាមគោលដៅរបស់ថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ។
លោកលើកឡើងថា សម្រាប់ឆ្នាំ 2022 ខាងមុខនេះ ស្ថាប័នរបស់លោកនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មប្រចាំសប្តាហ៍របស់កម្ពុជា ដែលនឹងដាក់តាំងបង្ហាញនូវផលិតផលរបស់កម្ពុជាជាច្រើនមុខ មានដូចជាផលិតផលកសិកម្ម វិស័យទេសចរណ៍ និងវិស័យអចលនទ្រព្យ ផងដែរ។
លោកបន្ថែមថា៖ «យើងគ្រោងនឹងធ្វើចុះកិច្ចព្រមព្រៀងអនុស្សារណៈនៃការយោគយល់គ្នា (MoU)បន្ថែមទៀតជាមួយសមាគមធុរកិច្ចថៃ ដើម្បីផ្សព្វផ្សាយផលិតផលរបស់យើង ដូច្នេះវានឹងរួមចំណែកកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មជាមួយប្រទេសថៃ»។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃបានកើនឡើងដល់ ៥,៩៧ ពាន់លានដុល្លារក្នុងរយៈពេល ៩ ខែដំបូងឆ្នាំ ២០២១ កើនឡើង ១៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពី ៥,០៨ ពាន់លានដុល្លារ។ ការនាំចេញរបស់កម្ពុជាទៅប្រទេសថៃមានតម្លៃ ៦៨៧ លានដុល្លារ ធ្លាក់ចុះ ២៨ ភាគរយពី ៩៥៨ លានដុល្លារធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយការនាំចូលពីថៃមានចំនួន ៥,២៨ ពាន់លានដុល្លារ កើនឡើង ១៤ ភាគរយពី ៤,៦១ ពាន់លានដុល្លារធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចេញសំខាន់ៗរបស់កម្ពុជាទៅប្រទេសថៃ ចាប់ពីខែមករា ដល់ខែកញ្ញា រួមមាន វាយនភ័ណ្ឌ ផលិតផលកសិកម្ម ត្បូងមានតម្លៃ វត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច។ ចំណែកការនាំចូលដែលគួរឱ្យកត់សម្គាល់គឺថាមពល ត្រី សាច់ បន្លែ រថយន្ត ជីសរីរាង្គ ស៊ីម៉ងត៍ និងគ្រឿងឧបភោគបរិភោគ៕