ភ្នំពេញ៖ អនុស្សរណៈនៃការយោគយល់គ្នាលើការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែននៃប្រទេសកម្ពុជា-វៀតណាមត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែធ្នូឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីជំរុញការដោះដូរទំនិញតាមព្រំដែនរវាងប្រទេសទាំងពីរ។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ត្រាន់ គ័កខាញ់ អនុរដ្ឋមន្ត្រីឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានចូលរួមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពាក់ព័ន្ធនឹងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរ ក្រោមសក្ខីភាពរបស់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា និង លោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។
អនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់អំពីការបញ្ចប់ការចរចាលើសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន កម្ពុជា ជាមួយនឹងលទ្ធផលប្រកបដោយផ្លែផ្កា ព្រមទាំងជាឯកសារតម្រង់ទិសសម្រាប់ភាគីទាំងពីរបន្ត និងពន្លឿនការបំពេញនីតិវិធីផ្ទៃក្នុង ដើម្បីឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នាពេលដ៏ខ្លីខាងមុខ។
គួរបញ្ជាក់ជូនផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែននេះ សំដៅធ្វើឱ្យប្រសើរទ្បើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតាមព្រំដែននៃប្រទេសទាំងពីរ, ពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ, បង្កើតនូវការតភ្ជាប់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងភាពយូរអង្វែងសម្រាប់ភាគីទាំងពីរ និងបង្កើតលក្ខខណ្ឌអំណោយផលដល់ពាណិជ្ជករនៃភាគីទាំងពីរ៕